ប្រធានរាជបណ្ឌិតសភាកម្ពុជាថ្លែងថា បើអ្នកណាមួយដឹងថា មានប្រទេសជិតខាងឈ្លានពានចូលទឹកដីកម្ពុជាឲ្យប្រាប់រូបលោកហើយថា ចំពោះករណីចោទវៀតណាមទន្ទ្រានយកដីកម្ពុជាក្បែរផ្ទះលោក ហេង សំរិន នោះគឺលោកថា មិនពិតទេ។
នៅក្នុងសន្និសីទស្តីពីស្ថានភាពព្រំដែននៅព្រឹកនេះ លោក សុខ ទូច បានច្រានចោលចំពោះការចោទថា វៀតណាមឈ្លានពានផ្ទះ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយលោកថា លោក ហេង សំរិន ទេ ជាអ្នកយកដីវៀតណាមរស់នៅ។ លោកថ្លែងថា «សម្តេច ហេង សំរិន ទេ ជាអ្នកយកដីវៀតណាមនៅនោះ។ ដោយសារ គាត់នៅទៅ De Facto គាត់នៅយូរទៅ ដោយសារទម្លាក់ផែនទីទៅ ដីលោកតាហេង សម្តេច ហេង សំរិន នោះ បានទៅវៀតណាម ប៉ុន្តែគាត់នៅយូរ…»។
ក្នុងពេលសន្និសីទនោះ លោក សុខ ទូច ក៏បានព្រមានចំពោះអ្នកដែលនិយាយថា វៀតណាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយមិនមានភស្តុតាងអាចព្រឈមមុខផ្លូវច្បាប់។
ទន្ទឹមនឹងការលើកឡើងពីបូរណភាពទឹកដីនេះ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង នៅក្នុងវេទិកាមួយនៅខេត្តកំពង់ធំនៅថ្ងៃនេះថ្លែងថា គោលដៅគណបក្សរបស់លោក ចង់ឲ្យប្រទេសមានឯករាជ្យ បូរណភាពទឹកដីពេញលេញមិនរណបបរទេស។
អ្នកវិភាគបញ្ហាសង្គម លោក ឡៅ ម៉ុងហៃ មិនបកស្រាយបញ្ហាព្រំដែននៅចំណុចផ្ទះ លោក ហេង សំរិន ទេ ប៉ុន្តែលោកថា ការរឹតត្បិតមិនឲ្យមហាជននិយាយពីបញ្ហាព្រំដែននោះមិនមែនជាការល្អទេ លោកថា អ្នកធ្វើការងារពាក់ព័ន្ធព្រំដែនគួរស្តាប់សម្តីមហាជនឬ រៀបចំជាវេទិកាសាធារណៈដើម្បីពិគ្រោះពីបញ្ហាទាំងនេះ។
លោកមានប្រសាសន៍ថា៖ «បើយល់ល្អណា ពីបញ្ហាព្រំដែនដែលធ្លាប់មាននោះ គឺគួរតែធ្វើកម្មវិធីមួយ គម្រោងមួយដែលអាចទៅសួរអ្នកស្រុកចាស់ៗ ដែលធ្លាប់រស់នៅទីនោះ ថាតើពីមុននោះ គាត់ចាំថាព្រំប្រទល់វានៅកន្លែងណា? … តែកាលណាមានការចោទប្រកាន់ថាមានការនិយាយផ្តេសផ្តាសអីហ្នឹង ចុះបើគេនិយាយការពិត? តើច្បាប់ដាក់ទោសអ្នកនិយាយការពិតដែរទេ?»។
វីអូឌី មិនទាន់អាចសុំការបញ្ជាក់ពីលោក ហេង សំរិន បានទេនៅថ្ងៃនេះ ដោយទូរសព្ទហៅចូលច្រើនដង តែមិនមានអ្នកទទួល។
កន្លងមកមានការចោទថា ការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី ហើយថា សូម្បីផ្ទះជាភូមិកំណើតលោក ហេង សំរិន ប្រធានរដ្ឋសភា នៅស្រុកពញ្ញក្រែកខេត្តត្បូងឃ្មុំ បច្ចុប្បន្នក៏ត្រូវវាស់វែងទៅថា នៅក្នុងទឹកដីវៀតណាមដែរ។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ការដោះស្រាយបោះបង្គោលព្រំដែនជាមួយវៀតណាម ធ្វើឲ្យកម្ពុជាចំនេញទឹកដី គឺលោកថាផ្ទៃដីជាក់ស្តែងរបស់កម្ពុជាគឺធំជាង១៨១ ០៣៥គីឡូម៉ែត្រការ៉េ៕
រាយការណ៍បន្ថែមដោយ កញ្ញា ហ៊ាង សុគន្ធារី