ក្រុមអ្នកកាន់ទុក្ខនៅឯពិធីបុណ្យសពបុរសហ្វីលីពីនម្នាក់ដែលត្រូវប៉ូលិសបាញ់សម្លាប់នោះ បានចេញតវ៉ាសម្រាប់ភាពស្លូតត្រង់របស់បុរសរូបនេះ កាលពីថ្ងៃម្សិលមិញនេះ ដែលនេះគឺជាសញ្ញានៃការផ្ទុះកំហឹងទៅនឹងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏បង្ហូរឈាមរបស់ប្រធានាធិបតី លោក រ៉ូទ្រីហ្កូ ឌូទើតេ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមសេចក្ដីរាយការណ៍របស់ Reuters មនុស្សជាង ១២,៥០០នាក់ហើយ ដែលជាអ្នកប្រើប្រាស់គ្រឿងញៀន និងឈ្មួញជួញដូរគ្រឿងញៀន ត្រូវបានសម្លាប់ ចាប់តាំងពីលោក ឌូទើតេ ឡើងកាន់តំណែងកាលពីខែមិថុនាឆ្នាំមុន។ ប៉ូលិសហ្វីលីពីន បាននិយាយថា មនុស្សប្រហែល ៣ពាន់នាក់ ត្រូវបានមន្ត្រីប៉ូលិសបាញ់សម្លាប់ដើម្បីការពារខ្លួន។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជឿថា អ្នកស្លាប់ពីរភាគបី ត្រូវបានសម្លាប់ដោយពួកឃាតករដែលប្រតិបត្តិការដោយមានការគាំទ្រពីប៉ូលិស ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានប៉ូលិសហ្វីលីពីនច្រានចោល។
កាលពីថ្ងៃម្សិលមិញនេះ ក្រុមអ្នកកាន់ទុក្ខរាប់សិបនាក់ បានចេញតវ៉ា ដោយពាក់អាវយឺតមានសរសេរស្លោកថា “កម្ទេចគ្រឿងញៀន មិនមែនសម្លាប់មនុស្សទេ”។ ក្រុមអ្នកកាន់ទុក្ខនោះបានដើរតាមក្បួនដឹកមឈូសសពបុរសឈ្មោះ Leover Miranda ដែលបានត្រូវបានដឹកយកទៅបញ្ចុះ។
Reuters បានចុះផ្សាយថា បុរសឈ្មោះ Miranda ត្រូវបានបាញ់សម្លាប់នៅក្នុងខែនេះ ជាអ្វីដែលប៉ូលិស ជាបណ្ដាញប្រតិបត្តិការគ្រឿងញៀន ប៉ុន្តែ សាច់ញាតិបុរសរូបនេះ បាននិយាយថា បុរសឈ្មោះ Miranda គឺជាជនស្លូតត្រង់៕