ប៉ូលិសអេស្ប៉ាញបាននិយាយនៅថ្ងៃនេះថា ពួកគេកំណត់បានអត្តសញ្ញាណអ្នកបើកបររថយន្តមួយគ្រឿង ដែលបានបើកបំបុកមនុស្សម្នានៅលើដងផ្លូវដ៏មមាញឹកមួយ នៅទីក្រុងបាសេឡូណា ដោយបានសម្លាប់មនុស្ស ១៣នាក់ កាលពីសប្ដាហ៍មុននោះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ប៉ូលិសអេស្ប៉ាញនៅតំបន់កាតាឡូណា បានប្រកាសអត្តសញ្ញាណជននោះនៅលើបណ្ដាញសង្គម Twitter ប៉ុន្តែ មិនបានបញ្ចេញឈ្មោះនោះឡើយ។
ប៉ុន្តែ រដ្ឋមន្ត្រីមហាផ្ទៃនៃតំបន់ស្វយ័តកាតាឡូណា លោក Joaquiim Forn បានប្រាប់វិទ្យុក្នុងតំបន់ថា គ្រប់យ៉ាងបង្ហាញថា រថយន្តនោះបើកបរដោយបុរសឈ្មោះ យូណេស អាប៊ូយ៉ាហ្គូប។ យុវជនដើមកំណើតម៉ារ៉ុកវ័យ ២២ឆ្នាំរូបនេះ កំពុងលាក់ខ្លួននៅឡើយ ហើយប៉ូលិសនិយាយថា ពួកគេមិនបានដឹងថា តើជនរូបនេះស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ ឬចាកចេញបាត់ទៅហើយ។
យុវជនរូបនេះ ត្រូវបានគេជឿថា គឺជាសមាជិកចុងក្រោយគេក្នុងចំណោមមនុស្ស ១២នាក់ ដែលកំពុងរត់គេចខ្លួននៅប្រទេសអេស្ប៉ាញ ឬក៏ទៅក្រៅប្រទេស ខណៈអ្នកដទៃទៀត ត្រូវបានប៉ូលិសសម្លាប់ ឬក៏ចាប់ខ្លួន ជុំវិញការវាយប្រហារពីរលើកនៅទីក្រុងបាសេឡូណា និងតំបន់ទេសចរណ៍ឆ្នេរសមុទ្រ Cambrils៕