ព្យុះ​ទីហ្វុង​កំណាច​បោក​បក់​កាត់​ម៉ាកាវ ហុងកុង សម្លាប់​មនុស្ស​១០​នាក់

ព្យុះ​ទីហ្វុង​ហាតូ បាន​បោក​បក់​បំផ្លិច​បំផ្លាញ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ១០​នាក់ បន្ទាប់​ពី​បោក​បក់​កាត់​ទីក្រុង​ហុងកុង ដោយ​បង្ក​ជា​ទឹក​ជំនន់​លិច​ផ្លូវ និង​បង្ខំ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។

ព្យុះ​នេះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ហុងកុង​ដាក់​ការ​ព្រមាន​ដល់​កម្រិត​ទី ១០ ដែល​ជា​កម្រិត​ធ្ងន់​ធ្ងរ​បំផុត ដែល​នេះ​គឺ​ជា​ព្យុះ​ទីហ្វុង​​ដ៏​កំណាច​ទី ៤ ដែល​បាន​វាយ​ប្រហារ​លើ​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​កន្លង​មក​នេះ។

មនុស្ស ៥​នាក់ ត្រូវ​បាន​សម្លាប់​នៅ​មជ្ឈ​មណ្ឌល​ល្បែង​កម្សាន្ត​ទីក្រុង​ម៉ាកាវ ជា​ទីដែល​សារព័ត៌មាន​ក្នុង​ស្រុក​បាន​បង្ហាញ​នូវ​រថយន្ត​លិច​លង់​នៅ​ក្នុង​ទឹក ហើយ​មនុស្ស​ម្នា​ដើរ​តាម​ផ្លូវ​កាត់​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ទឹក​ភ្លៀង។

រដ្ឋាភិបាល​ក្រុង​ម៉ាកាវ បាន​និយាយ​ថា បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​រង​របួស​ដោយសារ​ការ​ខ្យល់​បោក​បក់​ជញ្ជាំង​ដួល​សង្កត់​លើ​បុរស​នោះ ហើយ​បុរស​ម្នាក់​ទៀត​ត្រូវ​ខ្យល់​បោក​បក់​ធ្លាក់​ពី​អគារ​ជាន់​ទី​បួន ខណៈ​ដែល​បុរស​ជា​ភ្ញៀវ​ទេសចរ​ចិន​ម្នាក់​ទៀត ត្រូវ​ខ្យល់​បោក​បក់​ប៉ើង​ទៅ​បោក​នឹង​រថយន្ត​ធំ​មួយ។ ចំណែក​ឯព័ត៌មាន​លម្អិត​អំពី​ជន​រង​គ្រោះ ២​នាក់​ទៀត មិន​ត្រូវ​បាន​គេ​ដឹង​ភ្លាមៗ​នោះ​ទេ។

នៅ​ឯ​ទីក្រុង​ហុងកុង ប៉ូលិស​និយាយ​ថា បុរស​វ័យ ៨៣​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បន្ទាប់​ពី​ខ្យល់​បោក​បក់​ធ្លាក់​ចូល​សមុទ្រ។ មនុស្ស​ជាង ១២០​នាក់ បាន​រង​របួស នៅ​ពេល​ដែល​ទីក្រុង​នេះ​រង​ខ្យល់​ព្យុះ។

នៅ​ឯ​ខេត្ត​ក្វាងទុង ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិនហួរ បាន​រាយការណ៍​ថា មនុស្ស​យ៉ាង​ហោច ៤​នាក់ បាន​ស្លាប់ ហើយ​មនុស្ស​ជាង ២​ម៉ឺន ៦​ពាន់​នាក់​ទៀត បាន​រត់​រក​កន្លែង​សុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ