ពលរដ្ឋមានវិវាទដីធ្លីនៅខេត្តបាត់ដំបងប្រមាណ៥៩គ្រួសារ នៅព្រឹកថ្ងៃទី២៤សីហានេះ បានឡើងមកខុទ្ទកាល័យលោក ហ៊ុន សែន សារជាថ្មី ដើម្បីតាមដានញត្តិនិងសុំការអន្តរាគម ពន្លឿនដំណោះស្រាយបន្ថែមពីលោក ហ៊ុន សែន ពាក់ព័ន្ធករណីជម្លោះដីធ្លីជាមួយទាហានខេត្ត។
នេះជាលើកទីបួនហើយ ដែលប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំងនេះ មកពីស្រុកបវិលនិងស្រុកបាណន់ ឡើងមក សុំការអន្តរាគមន៍ និងដំណោះស្រាយពីលោក ហ៊ុន សែន នៅក្រុងភ្នំពេញ។
អ្នកស្រី សោម ចំរើន ជាតំណាងពលរដ្ឋមានជំលោះដីធ្លី មកពីស្រុកបវិល ខេត្តបាត់ដំបង មានប្រសាសន៍ថា អ្នកស្រីប្រមូលគ្នាមកភ្នំពេញនេះ គឺដើម្បីទាមទារការអន្តរាគមសារជាថ្មីពី លោក ហ៊ុន សែន។ អ្នកស្រីថា ក្រុមពលរដ្ឋទាំងអស់ធ្វើបែបនេះ ដោយសារតែពួកគាត់ មិនអាចស្វែងរកការដោះស្រាយពីអាជ្ញាធរខេត្ត និង ក្រសួងថ្នាក់ក្រោមជាតិបាន ហើយក៏អស់ជំនឿថា នឹងទទួលបានការដោះស្រាយសមស្របដែរ ទើបពួកគាត់សម្រេចមករកលោក ហ៊ុន សែន តែម្តង។
អ្នកស្រីថា៖ «យកកាំភ្លើងមកគំរាមកំហែងទៀត ហើយសុំឲ្យសម្តេចលោកជួយផង កុំឲ្យខាងនោះគាបសង្កត់ គំរាមកំហែងប្រជាពលរដ្ឋខ្លាំងណាស់ មានសុទ្ធតែប៉ូលីសនិងប៉េអឹម ហើយខាងអាជ្ញាធរយកកាំភ្លើងទៅគំរាមទៀតនោះ។ អញ្ជឹងបានជាឈឺចាប់ណាស់ ហើយខ្ញុំសុខចិត្តស្លាប់លើដីរបស់ខ្ញុំ ខ្ញុំមិនថយចេញទេ។ ខ្ញុំដូចជាអស់ទំនុកចិត្តនឹងអាជ្ញាធរដែនដីហើយ ដែលគាត់មិនបានធ្វើរឿងរៀបរយឲ្យពួកខ្ញុំសោះ ហើយឲ្យតែឡើងមក គាត់សន្យាថាជួយ សន្យាថាជួយ តែគិតទៅ គឺសន្យាខ្យល់រហូត»។
អ្នកស្រីអះអាងបន្តថា ទីដីដែលមានជម្លោះនោះគឺជាដីដែលចៅហ្វាយខេត្តចាស់បានផ្តល់សម្បទានឲ្យទៅដល់គ្រួសារជនពិការ គ្រួសារចាស់ជរា និងស្ត្រីមេម៉ាយគ្មានទីពឹង គឺមានន័យថាអនុញ្ញាតឲ្យពួកគាត់បានរស់នៅនិងអាស្រ័យផលនៅទីនោះ។
ក្រុមប្រជាពលរដ្ឋបន្តថា ដោយសារចង់ឲ្យបញ្ហាឆាប់ចប់ ពួកគាត់ក៏សម្រេចធ្វើការចរចាជាមួយទាហានទាំងនោះ ដោយ ពួកគាត់ព្រមផ្តល់ថវិកាដល់ទាហានទាំងនោះ ១៥០ដុល្លាអាមេរិក សម្រាប់ផ្ទៃដី១ហិចតា ដើម្បីឲ្យពួកគេចេញពីដីស្រែរបស់ពួកគាត់។ ពួកពលរដ្ឋបន្តថា ខាងទាហាននោះ មិនព្រមនឹងការចរចានេះទេ ហើយទាមទារឲ្យពលរដ្ឋបង់បា្រក់ ៥០០ដុល្លាអាមេរិក សម្រាប់ដី១ហិកតា ដែលប្រជាពលរដ្ឋទាំងនេះមិនអាចធ្វើបាន។
លោក អ៊ុក សាអែម ជាតំណាងពលរដ្ឋម្នាក់ទៀតក៏លើកឡើងដែរថា លោកនិងពលរដ្ឋផ្សេងទៀតបានធ្វើការចរចាជាមួយទាហានដែលមកអាងទីនៅដីពួកគាត់នោះហើយ តែមិនបានផលទេ។ លោកថា មកភ្នំពេញលើកនេះគឺត្រូវធ្វើយ៉ាងណាឲ្យមានការទទួលបានដំណោះស្រាយមួយ ឲ្យរដ្ឋាភិបាលជួយធ្វើប្លង់កម្មសិទ្ធិដីនោះជូនប្រជាពលរដ្ឋឲ្យបាន ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមកនេះ គឺដើម្បីមកជួបសម្តេចផ្ទាល់ ដើម្បីឲ្យគាត់ជួយដោះស្រាយបញ្ហាពួកខ្ញុំ សុំឲ្យមានប្លង់កម្មសិទ្ធិស្របច្បាប់។ តាមខ្ញុំ ខ្ញុំចង់បានជំនួយពីអង្គការជាតិនិងអន្តរជាតិ អំពាវនាវឲ្យគាត់ជួយប្រជាពលរដ្ឋផង ព្រោះនេះប្រជាពលរដ្ឋអស់ហើយ គ្មានអីទៀតទេ ណាមួយជំពាក់ប្រាក់អង្គការ ហើយណាជីវភាពក្នុងគ្រួសារ កូនរៀន ហើយណាមួយធ្វើអាជីវកម្មមិនបានពេញលក្ខណៈទេ»។
ឆ្លើយតបទៅនឹងបញ្ហានេះ អភិបាលស្រុកបវិល លោក វិន ហួត បានប្រាប់វីអូឌីនៅថ្ងៃនេះថា ទំនាស់ដីនេះ មិនមែនជារឿងថ្មីទេ គឺជាទំនាស់ដីយូរមកហើយ។ លោកថា ខាងអាជ្ញាធរកំពុងតែដោះស្រាយឲ្យពលរដ្ឋហើយ ហើយថា នៅថ្ងៃនេះ លោកបានហៅឲ្យពលរដ្ឋទាំងនោះត្រឡប់ទៅផ្ទះវិញ ដោយសន្យានឹងពលរដ្ឋថា នឹងដោះស្រាយបញ្ហាឲ្យនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះយើងកំពុងតែធ្វើការដោះស្រាយបញ្ហារវាងទ័ពនិងពួកគាត់ ប្រជាពលរដ្ឋហា ហុកសិបគ្រួសារហ្នឹង។ ឯកឧត្តមអភិបាលខេត្ត លោក នឹងដោះស្រាយឲ្យនៅថ្ងៃចន្ទ។ សម្រាប់យន្តការដោះស្រាយ ខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចទេ ចាំមើលថាតើខេត្តគាត់មានគម្រោងដោះយ៉ាងម៉េច»។
ក្រុមពលរដ្ឋទាំងនោះនិយាយថា ពួកគេបានមករស់នៅ កាន់កាប់និងអាស្រ័យផលនៅតំបន់ ស្រុកបវិល និង ស្រុកបាណន់ ក្នុងទឹកដីខេត្តបាត់ដំបងនេះ អស់រយៈពេលជាង ១៧ឆ្នាំមកហើយ ហើយថា ដីទាំងនោះត្រូវបានទាហាននៅបាត់ដំបង កាន់កាប់ មិនឲ្យប្រជាជនអាស្រ័យផលតទៅទៀត។ ពួកគេថា កាលពីខែមិនា២០១៧ កន្លងទៅ មានទាហានមួយក្រុមបានយកត្រាក់ទ័រមកឈូសឆាយ និងអះអាងកាន់កាប់តំបន់ដីរបស់ពួកគាត់។
បើតាមអះអាងបន្ថែមរបស់ពលរដ្ឋ ដីដែលស្ថិតក្នុងជម្លោះជាមួយទាហាននោះ មានទំហំសរុប១៥២ហិចតា ហើយក្នុងនោះពលរដ្ឋ៥៩គ្រួសារ មកពីស្រុកបវិលមួយចំនួន ស្រុកបាណន់ចំនួន ដោយក្នុងមួយគ្រួសារមានដីចន្លោះពី៣ទៅ៤ហិកតា៕