លោក ត្រាំ ថ្លែង​ថា កូរ៉េ​ខាង​ជើង​ចាប់​ផ្ដើម​គោរព​អាមេរិក

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន កំពុង​ចាប់​ផ្ដើម​គោរព​អាមេរិក​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​តាម AFP មេដឹកនាំ​អាមេរិក​បាន​ប្រកាស​បែប​នេះ បើទោះបី​ជា​ក្រុង​ព្យុងយ៉ាង​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ផែនការ​សម្រាប់​អភិវឌ្ឍ​មីស៊ីល​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ ហើយ​លោក គីម ថែម​ទាំង​បញ្ជា​ឲ្យ​បង្កើន​ការ​ផលិត​មីស៊ីល​ក៏​ដោយ។

លោក ត្រាំ បាន​ថ្លែង​បែប​នេះ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បាន​និយាយ​ថា ការ​ជជែក​គ្នា​ជាមួយ​កូរ៉េ​ខាង​ជើង​ជុំ​វិញ​កម្មវិធី​អាវុធ​របស់​រដ្ឋ​ឯកោ​មួយ​នេះ អាច​នឹង​ទៅ​រួច​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។

សម្ដី​ក្រុម​មេដឹកនាំ​អាមេរិក បាន​គូស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ចំណុច​ផ្ទុយ​គ្នា​ទៅ​នឹង​សង្គ្រាម​ពាក្យ​សម្ដី​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ បន្ទាប់​ពី​លោក ត្រាំ បាន​លើក​ឡើង​ពី​ការ “ការ​បាច​ផ្កា​ភ្លើង” ទៅលើ​កូរ៉េ​ខាង​ជើង ហើយ​បាន​កើត​ឡើង​​ចំ​ពេល​ដែល​ភាព​តាន​តឹង​បាន​ថម​ថយ​វិញ បន្ទាប់​លោក គីម បាន​លុប​ចោល​ផែនការ​បាញ់​គ្រាប់​មីស៊ីល​ដាក់​កោះ​ហ្គាំ ដែន​ដី​កោះ​អាមេរិក​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ទោះ​ជាយ៉ាងណា ក្រុង​វ៉ាស៊ីងតោន ក៏​បាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៅ​លើ​ក្រុមហ៊ុន​ចិន និង​រុស្ស៊ី ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េ​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ