ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ បានឆ្លងដែនចូលទៅប្រទេសបង់ក្លាដែស ចាប់តាំងពីភូមាបានប្រកាសអំពីការបង្កើនកងទ័ពនៅក្នុងរដ្ឋរ៉ាក់ឃីន នៅដើមខែនេះ។
AFP បានចុះផ្សាយបែបនេះ បន្ទាប់ពីបានដកស្រង់សម្ដីរបស់ក្រុមមេដឹកនាំសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាលពីថ្ងៃម្សិលមិញនេះ។
រដ្ឋរ៉ាក់ឃីននៅភាគខាងជើងភូមា បានធ្លាក់ចូលក្នុងអំពើហិង្សា ចាប់តាំងពីខែតុលាឆ្នាំមុនមកម៉្លេះ ក្រោយពីពួកបះបោរបានវាយប្រហារទៅលើប៉ុស្តិ៍យាមរបស់ប៉ូលិស។
ការវាយប្រហារនោះ បានបង្កទៅជាការបង្ក្រាបយ៉ាងបង្ហូរឈាមពីសំណាក់ពួកយោធាភូមា ដែលការបង្ក្រាបនោះ ត្រូវបានអង្គការសហប្រជាជាតិជឿថា អាចស្មើនឹងការបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចមូស្លីមរស់នៅប្រទេសភូមា។
កាលពីថ្ងៃទី១២ ខែសីហានេះ អាជ្ញាធរភូមាបាននិយាយថា កងទ័ពរាប់រយនាក់ បានចល័តចូលទៅក្នុងរដ្ឋរ៉ាក់ឃីន ខណៈកងទ័ពភូមាពង្រឹងការប្រយុទ្ធប្រឆាំងនឹងចលនាបះបោរនៅទីនោះ។
ក្រុមមេដឹកនាំរ៉ូហ៊ីងយ៉ាងនៅបង់ក្លាដែស បានប្រាប់ថា យ៉ាងហោចណាស់ជនជាតិរ៉ូហ៊ីងយ៉ា ៣៥០០នាក់ បានធ្វើដំណើរទៅដល់បង់ក្លាដែស ចាប់តាំងពីថ្ងៃទី១២ ខែសីហាមក ដែលធ្វើឲ្យមានសម្ពាធបន្ថែមទៀតទៅលើជំរុំពោរពេញទៅជនភៀសខ្លួន៕