តួលេខ​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ទីហ្វុង​នៅ​ម៉ាកាវ និង​ហុងកុង​ឡើ​ង​ដល់​១២​នាក់

តួលេខ​អ្នក​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​ទីហ្វុង​​ហាតូ បាន​កើត​ឡើង​ដល់​ចំនួន​យ៉ាង​តិច ១២​នាក់​ហើយ​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​ព្យុះ​កំណាច​នេះ​បាន​បោក​បក់​លើ​ភាគ​ខាង​ត្បូង​ចិន និង​កាត់​អគារ​ខ្ពស់​នៅ​ទីក្រុង​ហុងកុង។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មនុស្ស ៨​នាក់ បាន​ស្លាប់​នៅ​ពេល​ព្យុះ​នេះ​បាន​បោក​បក់​ទៅ​លើ​មជ្ឈ​មណ្ឌល​ល្បែង​កម្សាន្ត​ទីក្រុង​ម៉ាកាវ ជា​ទី​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​បង្ហាញ​នូវ​រថយន្ត​លិច​លង់​នៅ​ក្នុង​ទឹក ហើយ​មនុស្ស​ម្នា​ដើរ​កាត់​ទឹក​ជំនន់​នៅ​តាម​ដង​ផ្លូវ។

បុរស​ម្នាក់ បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​ខ្យល់​បោក​បក់​ប៉ើង​ទៅ​ផ្ទប់​នឹងជញ្ជាំង បុរស​ម្នាក់​ទៀត​​ត្រូវ​ខ្យល់​បក់​បោក​ធ្លាក់​ពី​ជាន់​ទី ៤ នៃ​អគារ​មួយ ហើយ​ភ្ញៀវ​ទេសចរ​ចិន​ម្នាក់ ត្រូវ​ខ្យល់​បោក​បក់​ប៉ើង​ទៅ​បុក​នឹង​រថយន្ត។

រដ្ឋាភិបាល​ក្រុង​ម៉ាកាវ​បាន​និយាយ​ថា សព​បុរស​ម្នាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​ចត​រថយន្ត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ ព័ត៌មាន​លម្អិត​អំពី​ជន​រង​គ្រោះ​ដទៃ​ទៀត មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ឡើយ​ភ្លាមៗ​នេះ។

នៅ​ឯ​ទីក្រុង​ហុងកុង ព្យុះ​ទីហ្វុង​ហាតូ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ទីក្រុង​នេះ​ដំឡើង​ការ​ប្រកាស​អាសន្ន​ដល់​កម្រិត​ខ្ពស់​បំផុត ដែល​នេះ​គឺ​ជា​ព្យុះ​កំណាច​ទី ៣ ដែល​បាន​បោក​បក់​កាត់​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ។

មនុស្ស​ជាង ១២០​នាក់ បាន​រង​របួស ខណៈ​ដែល​ទីក្រុង​នេះ​ជួប​នឹង​ព្យុះ​​កំណាច​បោក​បក់​លាយ​ឡំ​ជាមួយ​នឹង​ទឹក​ភ្លៀង។

នៅ​ឯ​ខេត្ត​ក្វាងទុង នៅ​ភាគ​ខាង​ត្បូង​ចិន ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិនហួ បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច ៤​នាក់ បាន​ស្លាប់ ហើយជាង ២​ម៉ឺន ៦​ពាន់​នាក់​ទៀត បាន​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព។ លំនៅឋាន​ជិត ២​លាន​គ្រួសារ បាន​ដាច់​ភ្លើង​មួយ​រយៈ​ពេល​ខ្លី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ