ស្ថានទូត​អាមេរិក​ចោទ​សួរ​កម្ពុជា​ពី​ការ​ប្ដេជ្ញា​ចិត្ត​​ចំពោះ​ប្រជាធិបតេយ្យ ក្រោយ​បិទ​អង្គការ NDI

ហ្វេសប៊ុកស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចោទ​សួរ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​លទ្ធិ​ប្រជាធិតេយ្យ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទ​អង្គការ​អាមេរិក​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រសួង​ការបរទេស​កម្ពុជា បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI និង​ទុក​ពេល ៧​ថ្ងៃ​ឲ្យ​បុគ្គល​បរទេស​បម្រើ​ការ​នៅ​អង្គការ​មួយ​នេះ ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

យោង​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​អង្គការ​អាមេរិក​មួយ​នេះ​ថា បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ខុស​ច្បាប់​ស្ដី​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ដោយ​បាន​មិន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ការបរទេស​នោះ​ឡើយ ហើយ​ថែម​ទាំង​ចោទ​ថា អង្គការ​នេះ​បាន​គាំ​ទ្រ​បក្ស​ប្រឆាំង សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ។

ការ​សម្រេ​ច​បែប​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ចុះ​ផ្សាយ​លើ​សារព័ត៌មាន​អនឡាញ Fresh News ថា អង្គការ​ NDI បាន​ជួយ​រៀបចំ​ជ្រោម​ជ្រែង​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។

បន្ទាប់​ពី​ការ​សម្រេច​បែប​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ ដោយ​បាន​ចោទ​សួរ​ថា តើ​ប្រទេស​កម្ពុជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?

ស្ថានទូត​អាមេរិក បាន​អះ​អាង​ថា អ្វី​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Fresh News ជុំ​វិញ​អង្គការ NDI នោះ មាន​ភាព​មិន​ត្រឹម​ត្រូវ​ និង​មាន​ភាព​លម្អៀង។

ស្ថានទូត​អាមេរិក​បាន​អះ​អាង​ទៀត​ថា អង្គការ NDI មិន​មែន​បណ្ដុះ​បណ្ដាល​តែ​គណបក្ស​ប្រឆាំង​ទេ ប៉ុន្តែ អង្គការ​នេះ​ក៏​បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​​ទៅ​ដល់​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ដទៃ​ទៀត​ផង​ដែរ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ។

ក្រៅ​ពី​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​គណបក្ស​នយោបាយ ស្ថានទូត​អាមេរិក​បញ្ជាក់​ថា អង្គការ NDI ក៏​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​មហាផ្ទៃ​ ដើម្បី​លើក​កម្ពស់​គណនេយ្យភាព​របស់​រដ្ឋាភិបាល និង​ជា​មួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​មាន​ភាព​បើក​ចំហរ​ច្រើន។

ជុំ​វិញ​ការ​ចោទ​ថា អង្គការ NDI បានធ្វើ​ប្រតិបត្តិការ​ដោយ​ល្មើស​ច្បាប់​កម្ពុជា​នោះ ស្ថានទូត​អាមេរិក បាន​បញ្ជាក់​ថា អង្គការ NDI បាន​ស្នើ​សុំ​ចុះ​បញ្ជី​នៅ​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦ ប៉ុន្តែ រដ្ឋាភិបាល​​កម្ពុជា​ពុំ​បាន​ឆ្លើយ​តប​នោះ​ទេ​ចាប់​តាំង​ពី​ពេល​នោះ​មក។ ការណ៍​ក្រសួង​ការបរទេស​កម្ពុជា​មិន​ឆ្លើយ​តប​នឹង​សំណើ​របស់​​អង្គការ NDI ​បែប​នេះ ស្ថានទូត​អាមេរិក​ចាត់​ទុក​ជា​ការ​រំលោភ​ទៅ​លើ​មាត្រា ១៤ នៃ​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

មាត្រា ១៤ នៃ​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥​នោះ បាន​ចែង​ថា ក្រសួង​ការបរទេស​កម្ពុជា ត្រូវ​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សំណុំ​លិខិត ហើយ​ត្រូវ​សម្រេច​យល់​ព្រម ឬ​មិន​យល់​ព្រម​ចុះ​អនុស្សរណៈ​ជាមួយ​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស យ៉ាង​យូរ ៤៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ