​អ្នក​គាំ​ទ្រ​អ្នកស្រី យីងឡាក់ ប្រមូល​ផ្ដុំ​គ្នា​​មុខ​តុលាការ​កំពូល​មុន​ចេញ​សាល​ក្រម​នៅ​ព្រឹក​នេះ

ក្រុម​ប្រជាជន​ថៃ​រាប់​រយ​នាក់​ដែល​​គាំ​ទ្រ​អតីត​នាយករដ្ឋ​មន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​នៅ​ខាង​ក្រៅ​តុលាការ​កំពូល​នៅ​ទីក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​នឹង​តុលាការ​នេះ​ចាប់​ផ្ដើម​សម្រេច​លើ​រឿង​ក្ដី​មួយ​ប្រឆាំង​នឹង​អ្នកស្រី យីងឡាក់ ដែល​អាច​ឲ្យ​អ្នក​ស្រី​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ ១០​ឆ្នាំ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Rueters បាន​ចុះ​ផ្សាយ​បន្ត​ថា សាល​ក្រម​ដែល​ត្រូវ​បាន​រង់​ចាំ​យ៉ាង​យូរ​នេះ អាច​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ប្រទេស​ថៃ​ឡើង​វិញ ខណៈ​ដែល​ប្រទេស​​នេះ​កំពុង​មាន​ការ​បាក់​បែក​ខាង​នយោបាយ​ស្រាប់​ទៅ​ហើយ​នោះ។

តម្រួត​ថៃ​នៅ​ទីក្រុង​បាងកក បាន​និយាយ​ថា កម្លាំង​តម្រួត​ប្រហែល ៤​ពាន់​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ឯ​តុលាការ​កំពូល និង​តាម​ទីតាំង​ត្រួត​ពិនិត្យ​។

អ្នកស្រី យីងឡាក់ ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​មួយ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៤ ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាល​យោធា​បច្ចុប្បន្ន​ថា បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់​ប្រាក់​ដល់​ទៅ ៨​ពាន់​លាន​ដុល្លារ ជុំ​វិញ​កម្មវិធី​ស្រូវ​អង្ករ​អំឡុង​រដ្ឋបាល​របស់​អ្នកស្រី។ កម្មវិធី​ស្រូវ​អង្ករ​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​អ្នកស្រី យីងឡាក់ បាន​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាជន​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ដល់​ទៅ ៥០​ភាគ​រយ។

ទោះជាយ៉ាងណា​ក៏​ដោយ អ្នកស្រី យីងឡាក់ បាន​បដិសេធ​ថា អ្នកស្រី​មិនមាន​ទោស​កំហុស​ដូចទៅ​នឹង​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ដោយ​អ្នក​ស្រី​ថា អ្នកស្រី​ទទួល​ខុស​ត្រូវ​លើ​ការ​រៀបចំ​គោល​នយោបាយ ប៉ុន្តែ មិន​មែន​ការ​គ្រប់​គ្រង​ផែនការ​ស្រូវ​អង្ករ​នោះ​ប្រចាំ​ថ្ងៃ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ