ក្រសួងពាណិជ្ជកម្មបានណែនាំទៅកាន់មន្រ្តីរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នពីករណី ឆបោកតាម ទូរសព្ទថា មានការដំឡើងកាំប្រាក់ ក្នុងគោលបំណងទារសំណូកសូកប៉ាន់សម្រាប់រត់ការឯកសារ។
ក្នុងសេចក្ដីជូនដំណឹងមួយរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី ២៥ ខែ សីហាបានឲ្យដឹងថាកាលពីព្រឹកថ្ងៃទីសុក្រម្សិលមិញ មានលេខទូរសព្ទ ៣ខ្សែ ០៩៦ ៥៥ ២០ ៩០៩, ០៩២ ២៤ ៩៣ ៣៣ និងលេខ ០១២ ៨៤ ០១ ២៨ បានទូរសព្ទទៅមន្រ្តីមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ហើយអះអាងថាខ្លួនជាជំនួយការរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ម្នាក់ទៀតជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយ ប្រាប់ពីការរៀបចំបែបបទឡើងកាំប្រាក់។
ក្នុងសេចក្ដីជូនដំណឹងដដែលបន្តថាករណីខាងលើជាព័ត៌មានមិនពិត គឺជាការឆបោករបស់ជនខិលខូច ព្រោះការដំឡើងកាំប្រាក់ក្រសួង បានរៀបចំរួចរាល់ហើយ។
ក្រសួងក៏បន្តដែរថាករណីឆបោកនេះក៏ធ្លាប់កើតមានម្ដង កាលពីដើមខែ មិថុនា ដោយមានជនឆបោក បានទូរសព្ទទៅមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងឲ្យវេលុយឲ្យ ៣០០ ដុល្លារជាបន្ទាន់ ដើម្បីរត់ការឯកសារដំឡើងកាំប្រាក់ ដោយគេអះអាងថាជាជំនួយការរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។
ទាក់ទងនឹងករណីឆបោកនេះ កាលពីថ្ងៃទី ២៥ ខែ សីហា ម្សិលមិញជនសង្ស័យ ៥ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីឆបោកតាមវីងយកប្រាក់ចំនួន៥០០០ដុល្លារ៕