ឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំអាស៊ី សម្ដែងការព្រួយបារម្ភចំពោះ ចំណាត់ការឆាប់រហ័សរបស់រដ្ឋាភិបាល លើអង្គការសង្គមស៊ីវិល និង សារព័ត៌មានឯករាជ្យ នៅកម្ពុជា ដោយថាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនយោបាយ សិទ្ធិស៊ីវិល និងសេរីភាពសារព័ត៌មាននៅកម្ពុជា។
ឧត្តមស្នងការអង្គការសហប្រជាជាតិបានសរសេរលើកឡើងបែបនេះ នៅលើទំព័រហ្វេសប៊ុករបស់ ខ្លួននៅថ្ងៃទី ២៥ ខែសីហា ម្សិលមិញ ដោយលើកឡើងថាការបិទអង្គការ NDI ដោយ មិនឆ្លងកាត់នីតិវិធីត្រឹមត្រូវ ការបណ្ដេញបុគ្គលិកបរទេសចេញពីកម្ពុជាក្នុងរយៈពេល១ សប្ដាហ៍ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ស្ថានភាពសិទ្ធិមនុស្ស និងដំណើរការរបស់អង្គការ សង្គម ស៊ីវិល។
អង្គការសិទ្ធិមនុស្សអន្តរជាតិនោះក៏ព្រួយបារម្ភចំពោះចំណាត់ការរដ្ឋាភិបាលក្នុងការដកហូត អាជ្ញាប័ណ្ណ និងបិទកម្មវិធីវិទ្យុមួយចំនួនដែលផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយ ដែល ផ្សាយព័ត៌មានឯករាជ្យដូចជាអាស៊ីសេរី វីអូអេ និងប្រព័ន្ធផ្សព្វផ្សាយបក្សប្រឆាំងជាដើម។
ជាមួយគ្នានោះកាសែតផ្សាយជាភាសាអង់គ្លេស គឺខេមបូឌាដេលី ត្រូវបានរដ្ឋាភិបាល គម្រាមបិទ ករណីចោទថា មិនបង់ពន្ធ ជាង ៦លានដុល្លារ៕