នាយករដ្ឋមន្ត្រីបានបញ្ជារទៅកាន់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ឲ្យដោះស្រាយសំណងជូនពលរដ្ឋ និងបញ្ជារឲ្យផ្លាស់ប្តូរបៀបនៃការគិតថ្លៃទឹកឡើងវិញ ដោយអះអាងថា លោកទើបតែដឹងថាតម្លៃទឹកនៅទីក្រុងភ្នំពេញ មានការកើនឡើង ដែលធ្វើឲ្យអ្នកប្រើតិច ត្រូវបង់ច្រើនដូចអ្នកប្រើច្រើន។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី២៨ សីហានេះថា លោកបានបញ្ជារឲ្យរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ ឲ្យទៅធ្វើការជាមួយរដ្ឋាករទឹក ដើម្បីឲ្យរដ្ឋាករទឹកវិលត្រលប់ទៅអនុវត្តរូបមន្តដើមវិញ និងបញ្ជារឲ្យសងប្រាក់ទៅប្រជាពលរដ្ឋវិញ នូវទឹកប្រាក់ដែលបានយកលើសពីពលរដ្ឋ។
លោកសរសេរថា៖ «ថ្ងៃនេះ ខ្ញុំទើបបានដឹងថាតម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិច និងអ្នកប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រមិនអាចអនុវត្តបាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំអោយបញ្ចុះថ្លៃទឹក»។
វីអូឌីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បាននៅឡើយទេ។
ភ្លាមៗបន្ទាប់ពីលោក ហ៊ុន សែន មានប្រតិកម្ម រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងនៅថ្ងៃនេះ ដោយបានសុំទោសចំពោះការគណនាថ្លៃទឹកថ្មីរបស់ខ្លួន និងថា នឹងធ្វើការកែតម្រូវរបៀបគណនាតាមរូបមន្តចាស់វិញ ដោយថានឹងសងប្រាក់ដល់អតិថិជននូវតម្លៃប្រាក់ដែលលម្អៀងកន្លងមក។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ បានគាំទ្រចំពោះចំណាត់ការលោក ហ៊ុន សែន នេះ តែលោកថាវាហាក់បីដូចជាយឺតពេលបន្តិចហើយ។ លោកបន្ថែមថា បញ្ហានេះបណ្តាលមកពីការត្រួតពិនិត្យពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងរដ្ឋាទឹកមិនមានភាពស៊ីសង្វាក់គ្នាដែលបណ្តោយឲ្យមានបញ្ហាបែបនេះ។
លោកថា៖ «វាអត់មានអីចំឡែកទេ! តែអ្វីដែលចំឡែកហ្នឹងសួរថា ហេតុអីរបៀបនៃការឡើងថ្លៃទឹកហ្នឹងក្រសួងឧស្សាហកម្ម និងសិប្បកម្មហ្នឹង បែរជាមិនបានពិគ្រោះឲ្យបានដិតដល់ឲ្យបានស៊ីជម្រៅ។ របៀបដែលពួកគេធ្វើហ្នឹង ដូចសេចក្តីជូនដំណឹងថា គិតលុយមួយខែម្តង តែដល់ពេលអនុវត្តន៍ គឺ៤៥ថ្ងៃបានមកគិតលុយអញ្ចឹង ហ្នឹងហើយជារបៀបមួយដែលកេងប្រវ័ញទៅលើអ្នកប្រើប្រាស់»។
គួររំលឹកផងដែរថាចំណាត់ការរបស់នាយករដ្ឋមន្ត្រីនេះគឺធ្វើឡើងបន្ទាប់ពីលោកបានប្រកាសបញ្ចុះតម្លៃទឹកដល់កម្មកររោងចក្រ ដែលបានទម្លាក់ពី១២០០រៀល មកនៅត្រឹម៨០០រៀលក្នុងមួយគីបចាប់ពីថ្ងៃទី១ ខែកញ្ញាខាងមុខតទៅ៕