ខេមបូឌាដេលី​ ថារដ្ឋាភិបាល​មានចេតនាបិទព័ត៌មាននេះ ជាជាងរឿងពន្ធ​​

Screenshot of The Cambodia Daily website

កាសែត ឌឹ ខេមបូឌា ដេលី​ (The Cambodia Daily) មាន​ប្រតិកម្ម​តប​ថា ការ​បន្តបែក​ធ្លាយព័ត៌មានអំពី​រឿងពន្ធដារ​​ ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​ស្និទ្ធ​នឹងរដ្ឋាភិបាល​ជា​បន្ត​បន្ទាប់ គឺជា​សកម្មភាព​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​មាន​បំណងឈប់​ឲ្យ​សារព័ត៌មាន​របស់​ខ្លួន​មាន​វត្តមាន​តទៅទៀត ជាជាង​ការ​សម្រប​សម្រួល​គ្នា​រឿង​ពន្ធដារ។​

សេចក្តី​ថ្លែង​ការណ៍​មួយរបស់​ សារព័ត៌មាន​ ឌឹ ខេមបូឌា​ ដេលី ចុះ​ថ្ងៃទី២៨ ខែសីហា​នេះ​ បាន​ឲ្យ​ដឹង​ថា ចាងហ្វាង​បោះ​ពុម្ព លោក​ស្រី ឌឹប៉ូរ៉ា គ្រីសឺ ស្ទៀល (Deborah Krisher-Steele) បានបដិសេធ​ចំពោះតម្លាភាព​នៃ​ការ​ទារ​ពន្ធ​របស់​រដ្ឋាភិបាល​កម្ពុជាមក​លើ​ស្ថាប័នខ្លួន ហើយ​ថា​សកម្មភាព​បែក​ធ្លាយ​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គាំទ្រ​រដ្ឋាភិបាលចុះផ្សាយនោះ ​គឺជា​សកម្មភាពជំរុញ​ការ​បិទ ឌឹ ខេមបូឌា ​ដេលី។

សរសេរនៅ​ក្នុង​សេចក្តី​ថ្លែង​ការនោះ លោក​ស្រី គ្រីសឺស្ទៀល មាន​ប្រសាសន៍ថា៖ «រដ្ឋាភិបាល​កម្ពុជាគ្រប់​គ្រង​ប្រព័ន្ធពន្ធដារ​ដោយ​មិន​មាន​ស្តង់​ដារវិជ្ជាជីវៈ ​ភាព​សម្ងាត់ ឬក៏​មាន​ដំណើរការជា​មូលដ្ឋានច្បាប់​។ ការបែក​ធ្លាយ​ព័ត៌មានជា​បន្ត​បន្ទាប់ អំពី​ករណី​របស់​ពួក​យើង ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយស្និទ្ធ​រដ្ឋាភិបាល បង្ហាញ​ថាវា​ជា​ការ​បង្ខំ​ឲ្យ​ស្ថាប័នពួក​យើងត្រូវ​បិទ ជាជាង​ការ​ព្យាយាម​សម្រប​សម្រួលស្មោះត្រង់ បើសិនជា​យើង​ត្រួវ​បង់​ពន្ធ​ពិត​ប្រាកដ​មែន​នោះ»។ ​

ក្រៅ​ពី​នេះស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​មួយ​នេះ ក៏អំពាវនាវ​ដល់​សមាគមអន្តរជាតិ ក៏​ដូចជា​រដ្ឋា​ភិបាល​ជុំវិញពិភព​លោកជួយ​ និងធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ត្រូវ​បាន​បិទ​នៅ​ពេល​ខាង​មុខ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹម​សេង មាន​ប្រសាសន៍ថា ប្រសិនបើកាសែត ឌឹ ខេម​ប៉ូឌា ដេលី មានបំណងចង់ស្វែងរកការពិត ឬតវ៉ាអ្វីទាក់ទិននឹងបញ្ហានេះ សារពត៌មាននេះគួរតែសរសេរលិខិតជាផ្លូវការទៅកាន់ក្រសួងព័ត៌មាន ហើយលោកថា មិនគួរណាចុះផ្សាយតាមរយៈប្រព័ន្ធផ្សព្ធផ្សាយឡើយ ព្រោះវាបណ្តាលឲ្យមានភាពចលាចល និងយល់ច្រឡំនៅក្នុងសង្គម។

លោកមានប្រសាសន៍ថា៖ «មិនធ្វើជាលិខិតពាក់ព័ន្ធនឹងការយកពន្ធ រឿងគាត់ គាត់ត្រូវឆ្លើយតបជាផ្លូវការ មិនមែនទៅចុះផ្សាយចឹងទេ វាអត់មានល្បែងផ្លោងគ្នាតាមសារព័ត៌មានចឹងទេ បើគាត់ចង់រកអ្វីដែលជាការពិត ឧទាហរណ៍ថា ការបង់ពន្ធបង់អី គាត់ត្រូវធ្វើការឆ្លើយតបជាលាយលក្ខណ៍អក្សរជាមួយគេ ត្រូវមកជួបជាមួយស្ថាប័នពាក់ព័ន្ធ ព្រោះអីមិនអាចបោះសម្តីទៅមកៗចឹង វាធ្វើឲ្យសភាពការណ៍ហ្នឹងវ៉ល់»។

កាល​ពី​ថ្ងៃទី៤ សីហាកន្លងទៅ រដ្ឋាភិបាល​បាន​ចេញព័ត៌មាន​សម្ងាត់​មួយបង្ហាញ​ថា ស្ថាប័ន​កាសែត​ ឌឹ​ ខេមប៉ូឌា ដេលី បាន​ជំពាក់​ពន្ធ​រដ្ឋាភិបាល រយៈពេល​១០ឆ្នាំ ​សរុបជា​ថវិកាចំនួន២ម៉ឺន​លាន​រៀល ឬស្មើ​នឹង៦.៣លាន​ដុល្លាអាមេរិក។ ព័ត៌មាន​បន្តថា កាសែត​នេះ​ត្រូវ​បង់​ពន្ធ​ឲ្យ​បាន​មុន​ថ្ងៃទី៤ កញ្ញា ២០១៧ បើ​ពុំ​នោះទេ ស្ថាប័ននេះ​នឹង​ត្រូវ​បិទ។

ព័ត៌មានជុំវិញករណីការខកខានបង់ពន្ធរបស់សារព័ត៌មាន​ ខេមបូឌា ដេលី នេះ ត្រូវបាន​សារព័ត៌មានស្និទ្ធជាមួយរដ្ឋាភិបាល Fresh News បានទម្លាយឯកសារជាបន្តបន្ទាប់។​​

ពាក់​ព័ន្ធ​ករណី​នេះ កាសែត ឌឹ ខេម​ប៉ូឌា ដេលី ក៏បាន​សរសេរ​ផង​ដែរថា ការ​បែក​ធ្លាយ​ឯកសារ​មុន​បែប​នេះ គឺជា​សកម្មភាព​រំលោភ​​ច្បាប់ពន្ធដារ មាត្រា៩៤ នៃ​រដ្ឋធម្មនុញ​ប្រទេស​កម្ពុជា ហើយ​ថា​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។ ​

កាសែត ឌឹ ខេម​ប៉ូឌា ដេលី គឺជា​សារពត៌មាន​អន្តរជាតិ ចេញ​ផ្សាយ​ជាភាសាអង់គ្លេស​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​កំណើតតាំង​ពី​ឆ្នាំ១៩៩៣៕ ​

រាយការណ៍បន្ថែមដោយ កញ្ញា ថាញ់ ចន្ទសុធារី​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ