នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានថ្លែងនៅក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិកាលពីថ្ងៃពុធម្សិលមិញថា ឲ្យពលរដ្ឋទាំងអស់ត្រូវរក្សានូវឯកភាពជាតិ ហើយលោកនឹងប្រកាសពីការបោះឆ្នោតជាសកលនៅអាណត្តិក្រោយ។
លោក ណាជីប រ៉ាហ្សាក់ កំពុងតែស្ថិតនៅក្រោមការរិះគន់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពាក់ព័ន្ធរឿងអាស្រូវ ពុករលួយលួចលុយមូលនិធិគម្រោងអភិវឌ្ឍន៍ 1MDB។ នាយករដ្ឋមន្ត្រីរូបនេះ ក៏កំពុងប្រឈមមុខខ្លាំងដែរពីបញ្ហាសេវាឬ ថ្លៃទំនិញនានាជុំវិញការរស់នៅឡើងថ្លៃ ។
បញ្ហារបស់នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ មួយទៀត គឺគូប្រជែងដែលកំពុងតាមដានឃ្លាំមើលរូបលោកនោះ កំពុងកើនប្រជាប្រិយភាព។
នៅក្នុងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ថ្លែងនៅក្នុងឱកាសខួប៦០ឆ្នាំនៃការទទួលបានឯករាជ្យពីអង់គ្លេសកាលពីម្សិលមិញថា វិញ្ញាណរួមគ្នាដែលធ្វើឲ្យទទួលបានឯករាជ្យជាតិ គឺមិនត្រូវបំបែកនៅពេលនេះនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្នក៏កំពុងតែប្រឈមមុខខ្លាំង ពីការមិនពេញចិត្តពីក្រុមកសិករដាំដូងប្រេង ដោយពួកគេចោទថា ក្រុមហ៊ុនរបស់រដ្ឋគ្រប់គ្រងដោយអាជ្ញាធរអភិវឌ្ឍន៍ដែនដីសហព័ន្ធជាអ្នកគ្រប់គ្រង៕