ស្នូរសន្ធឹកគ្រឿងចក្រជីកកកាយដី (អេស្កាវ័រទ័រ) លាន់ខ្ទរពេញវាលស្រែ។ ទីនោះហើយ ដែលយើងបានជួបស្ត្រីម្នាក់ ចាប់យកអាជីពជាអ្នកបញ្ជារថយន្តដឹកដី ដូចបុរសមួយចំនួនទៀតដែរ។
អ្នកបររថយន្តចំនួន១០នាក់ ដែលកំពុងមមាញឹកបញ្ជារថយន្ត បន្តកន្ទុយគ្នាឥតដាច់ ដើម្បីបានចូលទៅដឹកដីនោះ គេមិនឃើញមានអ្នកបើកបរណាផ្សេងទៀតជាស្ត្រី ក្រៅពីស្រ្តីម្នាក់នោះឡើយ។
មិនត្រឹមតែចំឡែកត្រង់ថា អ្នកបើកបរទាំងអស់ សុទ្ធតែជាបុរសប៉ុណ្ណោះទេ សូម្បីតែរថយន្តដែលស្ត្រីនោះអង្គុយបញ្ជា ក៏មើលទៅហាក់ចម្លែកពីគេដែរ ដោយមើលទៅឃើញរថយន្តបុរសទាំង៩ ហាក់ច្រឡំគ្នា តែដោយឡែករថយន្ត ស្រ្តីម្នាក់នោះមានតុបតែងប្លែកពីគេ ដូចជាមានបាំងវាំងននពណ៌លឿង ពីចំហៀងឆ្វេងស្ដាំ និងការតុបតែងផ្សេងទៀត។
ការតុបតែងនិងបិទបាំងបែបនេះ ដូចជាចង់បិទបាំងអ្វីមួយ ដែលគាត់មិនចង់ឲ្យគេឃើញតៃកុងកំពុងអង្គុយបញ្ជារថយន្ត។
នៅពេលយើងទៅដល់ការដ្ឋានដឹកដីនោះ យើងគ្មានឱកាសជួបសម្ភាសន៍ស្ត្រីនោះ ដើម្បីចង់ដឹងពីមូលហេតុដែលជំរុញឲ្យគាត់ ចាប់យកអាជីពបើកបររថយន្តដឹកដីនេះដូចបុរសនោះទេ។
ប៉ុន្តែថ្ងៃមួយ យើងមានឱកាសជួបគាត់ បានសួរដេញដោលខ្លះៗពីមូលហេតុ ដែលគាត់ចាប់យកអាជីពនេះ នៅពេលដែលរថយន្តរបស់គាត់ខូចនៅកន្លែងជួសជុលនៅផ្ទះរបស់គាត់។
លឹម លីហេង បានប្រាប់យើងថា គាត់មានអាយុ៤០ឆ្នាំ ការចាប់អាជីពជាអ្នកបើករថយន្តដឹកដីនេះថា ជាចំណង់ចំណូលចិត្តតាំងពីកុមារភាព៖ “បានជាខ្ញុំជ្រើសរើសយកឡានដឹកដីនេះ ព្រោះខ្ញុំចូលចិត្តហ្មង គេថាអ៊ីចឹង ប៉ុន្ដែខ្ញុំយល់ថាដូចជាមិនសំខាន់រឿងការងារប្រុសទេ“។
ពាក់អាវយឺតកក្អមដៃវែងពណ៌ខៀវជិតក បង្កប់នូវស្នាមញញឹមរាក់ទាក់ផងនោះ អ្នកស្រី លីអេង ឲ្យដឹងទៀតថា ដំបូងអ្នកស្រីមានការអៀនខ្មាសខ្លះដែរ ពេលដឹកដីម្ដងៗ តែងឃើញអ្នកមើលមកគាត់ ហើយថែមទាំងលាន់មាត់ថា “ស្រីបើកឡានដឹកដី” ក្នុងនោះក៏មានអ្នកខ្លះសម្លឹងមុខអ្នកស្រី ខ្លះសរសើរគាត់ថា “ពិតជាអស្ចារ្យមែន” ។ បន្ទាប់មកអ្នកស្រីគិតថា វាជាមោទនភាពទៅវិញទេសម្រាប់រូបអ្នកស្រីផ្ទាល់៖ “ពេលដំបូង ខ្ញុំមានភាពអៀនខ្មាស ដូចជាគេសួរ គេបង្អាប់ផងអ៊ីចឹងទៅ ខ្លះគេសរសើរទៅ ជួនកាលពេលខ្លះ ខ្ញុំបើកឡានទៅ គេនាំគ្នាមើល “អ៊ូ! ស្ដ្រីបើកឡានដឹកដី“ ពេលហ្នឹងដូចអរផងអៀនផង ឥឡូវលែងអៀនហើយ ព្រោះគេដឹងសព្វអស់ហើយ“។
អ្វីដែលតែងតែធ្វើឲ្យ អ្នកស្រី លីហេង សប្បាយចិត្តជារៀងរាល់ថ្ងៃនោះគឺ អ្នកស្រីដឹកដីជូនអតិថិជនមិនដែលយឺតយ៉ាវឡើយ។ នេះគឺដោយសារតែអ្នកស្រីមានការយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ក្នុងអាជីពនេះ៖ “មានភាពដូចជាខ្ញុំអត់ប្រើកម្លាំងទេ ចំពោះខ្ញុំមនុស្សស្រី ជួនកាលគេបាន១០ជើង ខ្ញុំបាន១១ទៅ១២ជើងទៀត ចំណុចខ្លាំងហ្នឹង ចង់និយាយថា មនុស្សស្រីយើងឧស្សាហ៍ជាងមនុស្សប្រុស“។
ការសម្រេចចិត្តចាប់យកអាជីពជាអ្នកបើករថយន្តដឹកដីនេះ អ្នកស្រី លីហេង មិនត្រឹមតែមានមោទភាពខ្លួនឯងជាស្ត្រីមួយរូបអាចធ្វើការធ្ងន់ដូចបុរសបាននោះទេ ប៉ុន្តែអ្នកស្រីក៏ត្រូវបានក្រុមគ្រួសាផ្តល់កម្លាំងចិត្តយ៉ាងពេញទំហឹង។
លោក សុត សុខជា អាយុ៤៥ឆ្នាំ ពាក់អាវយឺតបង្កង់ដៃខ្លី ពាក់វ៉ែនតា ក្នុងដៃកាន់ប្រដាប់គ្រឿងខ្ចៅខ្ចងឡានត្រូវជាស្វាមី អ្នកស្រី លីហេង កំពុងជួសជុលម៉ាស៊ីនឡានបានលើកឡើងថា គាត់មិនបានដឹងថាប្រពន្ធគាត់ចង់បរឡានដឹកដីឡើយ ព្រោះពីមុនប្រពន្ធរបស់គាត់ជាអ្នករកស៊ីលក់ត្រីទេ ប៉ុន្ដែដើម្បីជីវភាពគ្រួសារទើបគាត់ដាច់ចិត្តឲ្យប្រពន្ធគាត់បរឡានដឹកដី។ ពីដំបូង លោក សុត សុខជា ហាក់បារម្ភដែរ តែដល់យូរទៅក៏ទុកចិត្តបាន៖ “រឿងអារម្ភណ៍គិត យើងនឹកឃើញថា ប្រពន្ធគ្នាមិនដែលកាន់ មានអារម្ភណ៍ខ្លាច មានបញ្ហាអ៊ីចេះអ៊ីចុះដែរ តែដល់គ្នាកាន់ចេះតែបានសុខសប្បាយរហូតអ៊ីចឹងទៅ គាត់មុខរបរនេះកម្រមនុស្សស្រីណាធ្វើបានណាស់ ធ្លាប់ដែរ ធ្លាប់តែគេកាន់ឡានតូច ឡានអីស្រួលៗ ដល់គាត់កាន់ឡានដឹកដីជួបឧបសគ្គច្រើន យើងក៏មានមោទនភាពដែរហ្នឹង“។
ទោះបីជារូបអ្នកស្រីត្រូវចេញទៅដឹកដីតាំងពីព្រលឹមរហូតដល់ល្ងាច ស្ទើរគ្មានពេលសម្រាកក៏ពិតមែន ប៉ុន្ដែស្វាមី និងកូនស្រីពៅរបស់អ្នកស្រីបានអះអាងថា ក្រៅពីមុខរបរជាអ្នកបរឡានដឹកដី អ្នកស្រី លីហេង ក៏ជាម្ដាយដ៏ល្អ ភរិយាដ៏ល្អផងដែរ៖ “ការងារផ្ទះមុននឹងគាត់ចេញទៅ គាត់ដាំបាយទុកឲ្យហើយ បោកខោអាវទុកឲ្យហើយ អ៊ីចឹងទៅ ថ្ងៃណាដែលប្រញាប់ពេក ខ្ញុំនៅផ្ទះក៏ជួយការងារគាត់ខ្លះអ៊ីចឹងទៅ ខ្ញុំឈ្មោះ ជាតា ខ្ញុំបានជួយច្របាច់ដៃច្របាច់ជើងតិចតួច“។
ស្ថិតក្នុងកាលៈទេសៈរវល់ប៉ុណ្ណាក៏ដោយ អ្នកស្រីជាមនុស្សដ៏រួសរាយរាក់ទាក់ចំពោះក្រុមការងារខ្លាំងណាស់ មានពេលខ្លះគាត់តែងជជែកគ្នាពីនេះពីនោះលេង ដើម្បីលម្ហែអារម្មណ៍ នេះបើតាមការបញ្ជាក់ពីលោក ប៉ៃ ម៉េងគុណ ជាអ្នករួមអាជីពជាមួយគាត់៖ “មានអី គាត់ពេលទំនេរអ៊ីចឹង គាត់ចុះមកនិយាយលេងជាមួយយើងទៅ តែដល់ពេលផុតតែពីហ្នឹង ថាដល់ម៉ោងរកស៊ី ដឹងតែនាំគ្នារត់ទៅ“។
ទាក់ទងនឹងការលំបាកវិញ អ្នកស្រី លីម លីហេង បានលើកឡើងថា រូបគាត់មិនសូវជាមានទេ នេះដោយសារតែអ្នកស្រីមានបម្រុងប្រយ័ត្នខ្ពស់យល់ពីស្ថានភាពផ្លូវនិងអាកាសធាតុ៖ “បើសិនជាជាប់តែម្នាក់ឯង យើងមើលថាដូចថាត្រូវបែនយកឈើអីទល់សន្ទះក្រោយអីអ៊ីចឹងទៅ”។
ប៉ុន្ដែបើជួបឧបសគ្គម្ដងម្កាល អ្នកស្រីតែងបានក្រុមការងារខាងបុរសជួយទាញឡានមិនគិតប្រកាន់អ្វី៖ “មានជួបផលវិបាកខ្លះដូចជាឡានខ្ញុំខូច បែនអត់ឡើងដី ក្រុមការងារគាត់ជួយកាយដី ជួយអូស ជាប់ផុង គេជួយទាញ កាយដីជាដើម“។
ហើយក្រុមការងារខាងបុរសក៏តែងតែយោគយល់អំពីអ្នកស្រីផងដែរ៖ “យើងជួនកាលបាន១ជើង គាត់បាន២ជើង ព្រោះយើងរវល់តែជួយគ្នា គាត់អត់បានជួយយើងទេ ព្រោះគាត់ជាមនុស្សស្រី គាត់ទៅមុនហើយ ប្រើគាត់បានតិចតួច ដូចជាយកកាបយកអី គ្រាន់ចុះពីលើឡាន បើគាត់មានម៉ូយហៅ យើង បើយើងមានម៉ូយហៅគាត់ទៅវិញទៅមក”។
ជាទីបញ្ចប់ អ្នកស្រី លីម លីហេង បានផ្កាំផ្ញើទៅកាន់ស្ដ្រីឯទៀតថា អាជីពបរឡានដឹកដីនេះមិនលំបាកទេ ម៉្យាងទៀតអាជីពនេះអាចរកប្រាក់ចំណូលបានច្រើនងាយស្រួល ពិសេសបច្ចុប្បន្ន គឺអ្នកស្រីស្រឡាញ់មុខរបរនេះណាស់ ហើយប្ដេជ្ញាថានឹងប្រកបរបរនេះរហូតដល់ចាស់៖ “ចាស៎! តទៀត ទាល់តែខ្ញុំថាចាស់លែងបើកទៅមុខលែងរួច ខ្ញុំសូមផ្ដាំទៅស្ដ្រីឯទៀតបើកឡានដឹកដីដូចជាខ្ញុំនេះមិនពិបាកទេ ហើយដូចជាបានកម្រៃចិញ្ចឹមក្នុងគ្រួសារដូចគួរសមដែរ ខ្ញុំសំណូមពរស្ដ្រីខ្លះកុំមានភាពទន់ខ្សោយ កុំអៀនខ្មាសអី ព្រោះនេះចង់និយាយថា យើងជួយក្នុងគ្រួសារបានមួយផ្នែកដែរ យើងយកភាពហ្នឹងទៅធ្វើការងារអ៊ីចឹង ឲ្យពួកគាត់សាកបានដឹង“៕
ដោយលោក ប៉ែន ប៉ូលីន