សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃសុក្រនេះ មានហេតុការណ៍ផ្ទុះឆេះ រថយន្តដឹករំសេវមួយគ្រឿង នៅត្រង់ចំណុចភូមិល្ពៅ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ បែកសាកសពជាបំណែក។
ទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសពីរនាក់ដែលស្លាប់ដោយសារផ្ទុះឆេះរថយន្តនេះគឺ ឈ្មោះ ញ៉ន វីរៈ អាយុ៣៥ និងម្នាក់ឈ្មោះ ញ៉ឺង កញ្ញា អាយុ៣២ឆ្នាំ។
អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ករណីផ្ទុះរំសេវឆេះនេះ មិនមែនជាករណីអំពើភេរវកម្មនោះទេ គឺជាករណីផ្ទុះឆេះរថយន្តដឹករំសេវ។ ប៉ុន្តែនគរបាលមិនទាន់បានបញ្ជាក់ថា តើរំសេវនោះប្រភេទអ្វី ហើយអ្នកដឹកជញ្ជូននោះយកទៅណា ក្នុងគោលបំណងអ្វីនោះទេ។
តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចឲ្យដឹងទៀត អ្នកធ្វើដំណើរតាមម៉ូតូបីនាក់ ដែលនៅក្បែររថយន្តដឹករំសេវនោះ បានរងរបួសហើយពេលនេះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕