អាមេរិក​ប្រកាសបិទស្ថានកុងស៊ុល​រុស្ស៊ីនៅ San Francisco

សហរដ្ឋអាមេរិក​កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ជាឲ្យបិទស្ថានកុងស៊ុលរបស់រុស្ស៊ី នៅក្នុងទីក្រុង San Francisco នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា ដែលការសម្រេចនេះ នាំឲ្យរុស្ស៊ីបានសម្តែងការសោកស្តាយ ស្របពេលដែលប្រទេសមហាអំណាចនុយក្លេអ៊ែទាំងពីរកំពុងតែមានការប្រឈមុខដាក់គ្នាខ្លាំង។​

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលអាមេរិក​បានចុះផ្សាយថា ការសម្រេចនេះ គឺជាការធ្វើឲ្យស្មើភាពគ្នា​ បន្ទាប់ពីទីក្រុងមូស្គូ បានបណ្តេញអ្នកការទូតរបស់អាមេរិក​ជាង៧០០នាក់​កាលពីខែកក្ដដាកន្លងទៅ​។ ការដែលរុស្ស៊ីបណ្តេញអ្នកការទូតរបស់អាមេរិកនោះ បន្ទាប់ពីសភាអាមេរិក​បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ីដោយចោទថា រុស្ស៊ីបានជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់អាមេរិក​កាលពីចុងឆ្នាំ​២០១៦។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។​

កាលពីខែមករាដើមឆ្នាំ២០១៧នេះ លោក ដូណល ត្រាំ ​ពេលឡើងកាន់តំណែងភ្លាម បានបង្ហាញក្តីសង្ឃឹមថា អាមេរិក​នឹងអាចពង្រឹងទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ី​។​

កាលពីខែកក្កដាលោក វ្លាឌីមៀ ពូទីន បានបណ្តេញ​មន្ត្រីធ្វើការនៅទូតអាមេរិក​ប្រចាំនៅរុស្ស៊ី​ចំនួន​៧៥៥នាក់ ដែលបុគ្គលិកនោះមានទាំងជនជាតិរុស្ស៊ី និងជនជាតិ​អាមេរិក​។​ ការប្រកាសបណ្តេញ​បុគ្គលិក​ទូតអាមេរិក​ចេញពីរុស្ស៊ីនេះ លោក​ ពូទីន កំណត់ត្រឹមថ្ងៃទី​១ខែកញ្ញា។​

បច្ចុប្បន្នមន្ត្រីការទូតរបស់អាមេរិក​ធ្វើការនៅក្នុងប្រទេសរុស្ស៊ីមានចំនួន​៤៥៥នាក់ ដែលចំនួននេះស្មើនឹង​ចំនួន​អ្នកការទូតរុស្ស៊ីកំពុងធ្វើការនៅអាមេរិក។​

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកការទូតនៅវ៉ាស៊ីនតោន​បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរ នឹងបញ្ឈប់សកម្មភាពសងសឹកគ្នាផ្នែកការទូតបន្ថែម​ទៀត នឹងឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍរបស់ប្រទេសទាំងពីរ​ឲ្យបានប្រសើរឡើង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ