កាសែតភាសាអង់គ្លេស Cambodia Daily បានប្រកាសថា នឹងបិទប្រតិបត្តិការរបស់ខ្លួននៅថ្ងៃស្អែកនេះ នៅពេលថ្ងៃឱសានវាទបានចូលមកដល់ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យបង់ពន្ធជាង ៦លានដុល្លារ ប៉ុន្តែ កាសែតមួយនេះបានបដិសេធបង់ទៅតាមរដ្ឋាភិបាល។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៤ ខែសីហាកន្លងមក បានបញ្ជាទៅកាសែត Cambodia Daily ឲ្យបង់ពន្ធនូវថវិកា ៦.៣លានដុល្លារ ដោយថា កាសែតបរទេសមួយជំពាក់ពន្ធរដ្ឋក្នុងរយៈពេល ១០ឆ្នាំចុងក្រោយមកនេះ។ រដ្ឋាភិបាលកម្ពុជា បានទុកពេល ១ខែឲ្យកាសែតនេះបង់ពន្ធ បើពុំដូច្នោះទេ កាសែតនេះនឹងត្រូវប្រឈមមុខនឹងការបិទ នៅថ្ងៃទី០៤ ខែកញ្ញា។
ទោះជាយ៉ាងណា កាសែត Cambodia Daily ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជារយៈពេល ២៤ឆ្នាំហើយនោះ បានបដិសេធបង់ពន្ធ ដោយថា រដ្ឋាភិបាលកម្ពុជាមានចេតនាបិទព័ត៌មាននេះ ជាជាងរឿងពន្ធ។
ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីអនុវត្តតាមច្បាប់នោះឡើយ ប្រសិនបើសារព័ត៌មានមួយនេះ មិនបង់ពន្ធនោះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃអាទិត្យនេះ កាសែត Cambodia Daily បានប្រកាសថា សេវារបស់កាសែតនេះ នឹងបញ្ចប់ នៅថ្ងៃស្អែកនេះ។
កាសែតនេះ បានលើកឡើងថា អំណាចពន្ធ គឺជាអំណាចបំផ្លាញ ហើយបន្ទាប់ពីប្រតិបត្តិការនៅកម្ពុជារយៈពេល ២៤ឆ្នាំ និង ១៥ថ្ងៃ រដ្ឋាភិបាលកម្ពុជា បានបំផ្លាញកាសែត Cambodia Daily ដែលជាចំណែកដ៏ពិសេសតែមួយគត់នៃសេរីភាពសារព័ត៌មានកម្ពុជា។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក Phil Robertson បានចាត់ទុកការបិទកាសែត Cambodia Daily ថាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតដល់សេរីភាពសារព័ត៌មាននៅកម្ពុជា ចាប់តាំងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោក Phil Robertson បានលើកឡើងថា ម្ចាស់ជំនួយរបស់កម្ពុជា គួរតែអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ចំណាត់ការតាមផ្លូវច្បាប់ប្រឆាំងនឹងកាសែតមួយនេះ រហូតដល់មានការធ្វើសវនកម្មស្របច្បាប់ទៅលើបញ្ហាបំណុលពន្ធនេះ។
កាសែតភាសាអង់គ្លេស Cambodia Daily ត្រូវបានបង្កើតឡើងដោយអ្នកកាសែតអាមេរិកជើងចាស់ លោក Bernard Krisher ក្នុងឆ្នាំ១៩៩៣ មុននឹងកាសែតនេះត្រូវបានលក់ទៅឲ្យអ្នកស្រី Deborah Krisher-Steele នៅក្នុងឆ្នាំ២០១៧នេះ៕