លោក កឹម​ សុខា​ ត្រូវបានចាប់ខ្លួួនដោយគ្មានដីកានៅពាក់កណ្តាលយប់

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗទាំងកណ្ដាលអ​ធ្រាត្រនៅ​គេហដ្ឋាន​របស់គាត់​។

បើតាមការបង្ហោះក្នុងហ្វេសប៊ុករបស់លោកផ្ទាល់ឲ្យដឹងថា លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយ​គ្មានដីកាកាលពីយប់ថ្ងៃទី០២ ចូលដល់ថ្ងៃទី០៣ ខែកញ្ញានេះ។

ក្នុងហ្វេសប៊ុករបស់លោកផ្ទាល់លើកឡើងថា៖ «លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ ដោយមានក្រុម ប្រដាប់អាវុធ សម្រុកចូលគេហដ្ឋានរបស់គាត់ ដោយគ្មានដីកា។ ពេលនេះ រូបលោកត្រូវបានគេចាប់ ទៅណាក៏ពុំទាន់ដឹងឡើយ។»

បើតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលចេញថ្ងៃទី៣ ខែ កញ្ញានេះ បានឲ្យដឹងថាលោក កឹ​ម សុខា ត្រូវបានចាប់ខ្លួន ដោយមន្រ្តីនគរបាលយុត្តិធម៌ ក្នុងបទល្មើសជាក់ស្ដែង ដោយអនុលោមតាម ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

សេចក្ដីថ្លែងការរបស់រដ្ឋាភិបាលបន្តថារដ្ឋាភិបាលសំអាងលើវីដេអូខ្លឹបមួយដែលចុះផ្សាយដោយបណ្ដាញ CBN ដែលមានទីតាំងនៅប្រទេសអូស្រ្តាលី និង ភស្ដុតាងផ្សេងទៀតដែល​អាជ្ញាធររកឃើញពីផែនការសម្ងាត់នៃ​ការឃុបឃិតគ្នារវាងលោក កឹម សុខា និង បក្សពួកជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់កម្ពុជា។

រដ្ឋាភិបាលបានហៅអំពើឃុបឃិតគ្នាជាសម្ងាត់នេះថាជាអំពើរក្បត់ជាតិ ដែលមានចែងនិង ផ្ដន្ទាទោសតាម​បញ្ញត្តិនៃមាត្រា ៤៤៣ និងផ្នែកទី​មួយស្ដីពីអំពើក្បត់ជាតិ  និង អំពើចារកម្ម និង​ជំពូកទី ២ ស្ដីពីការប៉ះពាល់ដល់​សន្តិសុខនៃរដ្ឋ។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា បច្ចុប្បន្នលោក កឹម សុខា កំពុងស្ថិតក្រោមការឃាត់ខ្លួន និង ចាត់ការតាមច្បាប់ ដោយស្ថាប័នមានសមត្ថកិច្ច និងតុលាការ។

ជាមួយគ្នានោះដែរគណបក្សសង្គ្រោះជាតិក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ដោយ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួនលោក កឹម សុខា។

សេចក្ដីថ្លែងការណ៍ដដែល បានហៅការចាប់ខ្លួនយ៉ាងតក់ក្រហលនេះថា ធ្វើឡើងដោយហេតុផលនយោបាយ  និង ជាទង្វើរំលោភ បំពានច្បាប់ និង រដ្ឋធម្មនុញ្ញ ដោយសារ ការចាប់ខ្លួននេះធ្វើឡើងទាំងកណ្ដាលអធ្រាត្រ ក្នុងពេលដែលលោកមានអភ័យឯកសិទ្ធិសភា។

គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យសមត្ថកិច្ចដោះលែងលោក កឹម សុខា ជាបន្ទាន់ និ​ង ឥតលក្ខខណ្ឌ និង អំពាវនាវ ដល់សហគមន៍អន្តរជាតិអន្តរាគមន៍ ឲ្យមានការដោះលែង និង បញ្ឈប់ការគំរាមកំហែង គាប់សង្កត់គ្រប់រូបភាពលើគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ