កូរ៉េខាងជើងបានប្រកាសនៅថ្ងៃនេះថា ខ្លួនទទួលបានជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនមួយ ដែលត្រូវបានផលិតឡើងសម្រាប់បំពាក់លើគ្រាប់មីស៊ីលឆ្លងទ្វីបទើបអភិវឌ្ឍថ្មីរបស់ក្រុងព្យុងយ៉ាង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានផ្សាយបន្តថា ការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននេះ បង្កជាកម្លាំងរញ្ជួយខ្លាំងក្លាជាងការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរកាលពីពេលមុនៗទៅទៀត។
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានផ្សាយថា ការសាកល្បគ្រាប់បែកអ៊ីដ្រូសែនទៅតាមបញ្ជាមេដឹកនាំ លោក គីម ជុងអ៊ុន នោះ ទទួលបានជោគជ័យឥតខ្ចោះ និងជាជំហានដ៏មានន័យក្នុងការសម្រេចទៅតាមកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស។
កូរ៉េខាងជើងបានប្រកាសបែបនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលហាក់បង្កើតឡើងដោយមនុស្សនោះ ត្រូវបានគេចាប់រលកសញ្ញាបាន នៅជិតតំបន់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលនេះបញ្ជាក់បានថា រដ្ឋឯកោមួយនេះ ពិតជាបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦មែន៕