អ្នកស្រី ស៊ូជី រង​សម្ពាធ​ខ្លាំង​ ​ក្រោយ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ម៉ឺន​នាក់​ភៀស​ខ្លួនពី​អំពើ​ហិង្សា

មេដឹកនាំ​ភូមា អ្នក​ស្រី អ៊ុងសាន ស៊ូជី បាន​រង​សម្ពាធ​ពី​បណ្ដា​ប្រទេស​​មូស្លីម​នានា ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា បន្ទាប់​ពី​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជិត ១២​ម៉ឺន ៥​ពាន់​នាក់ បាន​រត់​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា ប្រទេស​ឥណ្ឌូនេស៊ី បង់ក្លាដែស និង​ប៉ាគីស្ថាន សុទ្ធ​តែ​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​ភូមា ជាពិសេស​ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព អ្នកស្រី ស៊ូជី។

បើ​តាម Reuters រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី អ្នកស្រី រ៉េតណូ ម៉ាស៊ូឌី បាន​ជួប​ជាមួយ​អ្នកស្រី ស៊ូជី និង​ប្រមុខ​កង​ទ័ព​ភូមា លោក មីន អ៊ុងលាំង កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ ដើម្បី​ស្នើ​ឲ្យ​បញ្ឈប់​ការ​បង្ហូរ​ឈាម​នេះ។ ក្រៅ​ពី​នេះ អ្នកស្រី រ៉េតណូ ក៏​គ្រោង​ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​ដាកា ជួប​ជាមួយ​មេដឹកនាំ​ដទៃ​ទៀត​ផង​ដែរ ដើម្បី​ជជែក​អំពី​បញ្ហា​នេះ។

ក្រោយ​ជំនួប​ជាមួយ​អ្នកស្រី ស៊ូជី នៅ​ទីក្រុង​ណៃពិដោរ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នកស្រី រ៉េតណូ បាន​ថ្លែង​ថា អាជ្ញាធរ​សន្តិសុខ​ ចាំ​បាច់​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ទម្រង់​អំពើ​ហិង្សា​ទាំង​អស់ ព្រម​ទាំង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ និង​ជំនួយ​អភិវឌ្ឍន៍​សម្រាប់​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​វែង។

អំពើ​ហិង្សា​ថ្មី​បំផុត​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ភូមា បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា នៅ​ពេល​ពួក​បះបោរ​រ៉ូហ៊ីងយ៉ា វាយ​ប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​ភូមា​ជាច្រើន​កន្លែង និង​មូលដ្ឋាន​យោធា​មួយ​កន្លែង។ វាយ​បក​វិញ​ពី​ពួក​យោធា​ភូមា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៤០០​នាក់ និង​បង្ខំ​ឲ្យ​អ្នក​ភូមិ​រាប់​ពាន់​នាក់​រត់​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស៕

អំពើ​ហិង្សា​​ទៅ​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ាង​ប្រហែល ១​លាន ១​សែន​នាក់​ គឺ​ជា​បញ្ហា​ប្រឈម​ចម្បង​សម្រាប់​អ្នកស្រី ស៊ូជី ដែល​រង​ការ​រិះគ​ន់​ថា មិន​និយាយ​អ្វី​ទាល់​តែ​សោះ​ចំពោះ​ការ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ