ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានឯកភាពនៅថ្ងៃនេះក្នុងការលុបចោលនូវឧបសគ្គចំពោះការបំពាក់ក្បាលគ្រាប់នៅលើមីស៊ីលរបស់កូរ៉េខាងត្បូង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយបានដកស្រង់សម្ដីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
មេដឹកនាំប្រទេសទាំងពីរបានឯកភាពបែបនេះ ខណៈពេលដែលក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិបានជួបប្រជុំជជែកគ្នាអំពីការឆ្លើយតបទៅនឹងកូរ៉េខាងជើង ដែលបានបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ ប្រកបដោយថាមពលខ្លាំងក្លាកាលពីថ្ងៃអាទិត្យកន្លងមកនេះ។
AFP បានរាយការណ៍ថា មេដឹកនាំអាមេរិក និងកូរ៉េខាងត្បូង បានឯកភាពបែបនៅអំឡុងពេលជជែកគ្នាតាមទូរស័ព្ទ ដើម្បីបំពាក់គ្រាប់បែកលើមីស៊ីលរបស់កូរ៉េខាងត្បូង។
កូរ៉េខាងត្បូងកាលពីមុន បានដាក់កម្រិតលើការបំពាក់ក្បាលគ្រាប់នៅលើគ្រាប់មីស៊ីល ដោយដាក់កំហិតត្រឹមទម្ងន់ ៥០០គីឡូក្រាមតែប៉ុណ្ណោះ។ នេះដោយយោងតាមកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខាជាមួយអាមេរិកកាលពីឆ្នាំ២០០១៕