អាមេរិក​អាច​លក់​សព្វាវុធ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ទៅ​កូរ៉េ​ខាង​ត្បូង​ចំ​ពេល​មាន​ភាព​តាន​តឹង​ខ្លាំង

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រាប់​សមភាគី​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​នេះ​ថា ក្រុង​វ៉ាស៊ីងតោន​មាន​ឆន្ទៈ​ឯកភាព​លើ​ការ​លក់​សព្វាវុធ​មាន​តម្លៃ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ទៅ​ឲ្យ​ក្រុង​សេអ៊ូល។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មេដឹកនាំ​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​បែប​នេះ ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ដែល​គ្រាប់​បែក​នោះ ត្រូវ​បាន​គេ​ជឿ​ថា ជា​គ្រាប់​បែក​អ៊ីដ្រូសែន។

AFP បាន​ចុះ​ផ្សាយ​សម្រង់​សម្ដី​មេដឹកនាំ​អាមេរិក​បែប​នេះ ដោយ​ផ្អែក​តាមព័ត៌មាន​របស់​សេតវិមាន​អាមេរិក។ សេតវិមា​ន​អាមេរិក​បាន​ឲ្យ​ដឹង​ថា លោក ត្រាំ បាន​ផ្ដល់​ការ​ឯកភាព​ជា​គោលការណ៍​រួច​ហើយ​សម្រាប់​ការ​លក់​សព្វាវុធ​ និង​សម្ភារៈ​សឹក​មាន​តម្លៃ​ជាច្រើន​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​កូរ៉េ​ខាង​ត្បូង។ ប៉ុន្តែ សេតវិមាន​អាមេរិក​ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​កិច្ច​ព្រម​ព្រៀង​នោះ​ទេ។

យោង​ទៅ​តាម​ការ​វិភាគ​មួយ​ពី​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខម បាន​ឲ្យ​ដឹង​ថា អាមេរិក​បាន​លក់​សព្វាវុធ​តម្លៃ​ជិត ៥​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​កូរ៉េ​ខាង​ត្បូង​នៅ​ចន្លោះ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៦។

កូរ៉េ​ខាង​ត្បូង​គឺ​ជា​ប្រទេស​ទិញ​សព្វាវុធ​ពី​អាមេរិក​ធំ​លំដាប់​ទី​៤​​នៅ​ក្នុង​រយៈ​ពេល​នោះ បន្ទាប់​ពី​អារ៉ាប៊ីសាអ៊ូឌីត អូស្ត្រាលី និង​អារ៉ាប់​រួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ