នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសថា លោកនឹងកាន់អំណាចដល់អាយុជិត៨០ឆ្នាំ ខណៈដែលលោកគំរាមចាប់ខ្លួនមនុស្សមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងប្រធានបក្សប្រឆាំង ដែលលោក ហ៊ុន សែន ថាបានក្បត់ជាតិកម្ពុជា។
លោក ហ៊ុន សែន ក្នុងពិធីជួបជាមួយកម្មកររោងចក្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី០៦ កញ្ញានេះ បានប្រកាសថាលោកនឹងបន្តដឹកនាំប្រទេសកម្ពុជារយៈពេល២អាណត្តិទៀត បន្ទាប់ពីលោកថា លោកឈឺចាប់ចំពោះអ្វីដែលលោកលើកឡើងថា លោក កឹម សុខា ក្បត់ជាតិខ្មែរ លើសពីនេះទៀត លោកក៏បានគំរាមថា នឹងអាចមានមនុស្សមួយចំនួនទៀតក៏នឹងអាចចាប់ខ្លួនផងដែរ។
លោកថា៖ «ខ្ញុំសម្រេចចិត្តប្រកាសថា ខ្ញុំនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់រយៈពេល២អាណត្តិបន្តទៀត។ មុននេះ ខ្ញុំមានការស្ទាក់ស្ទើរ តើខ្ញុំសម្រេចចាកចេញពេលណា ប៉ុន្តែបន្ទាប់ពីឃើញព្រឹត្តការណ៍ដ៏គួរឲ្យឈឺចាប់នៃអំពើក្បត់ជាតិរបស់ជនជាតិខ្មែរ ដែលត្រូវបានចាប់ខ្លួនរួចមកហើយ និងអាចមានខ្លះទៀត។ ខ្ញុំសម្រេចចិត្តបន្តការងាររបស់ខ្ញុំមិនតិចជាង១០ឆ្នាំទៀតទេ ហើយសង្ឃឹមថាក្មួយៗកម្មករ កម្មការិនី បន្តបោះឆ្នោតឲ្យពូ»។
ខណៈដែលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ខិតជិតមកដល់ ច្បាប់បទដ្ឋាននានា ត្រូវបានលោក ហ៊ុន សែន ស្នើឲ្យបង្កើត ដែលករណីនេះសម្រាប់មជ្ឈដ្ឋានទូទៅ កត់សំគាល់ថាមានចេតនារារាំងគណបក្សប្រឆាំងមិនឲ្យធ្វើនយោបាយ។ លើសពីនេះទៀតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ក៏ត្រូវបានចាប់ខ្លួន ដោយចោទថាបាន «ក្បត់ជាតិ» ទាំងកណ្តាលអាធ្រាតផងដែរ បន្ទាប់វីដេអូមួយដែលលោក កឹម សុខា បានថ្លែងកាលពីឆ្នាំ២០១៣ ថាលោកទទួលជំនួយពីសហរដ្ឋអាមេរិក ក្នុងការធ្វើការងារដើម្បីយកឈ្នះរដ្ឋាភិបាលលោក ហ៊ុន សែន តាមគំរូប្រទេសយូហ្គោស្លាវី និងប្រទេសសើប៊ី។ ការចាប់ខ្លួននេះត្រូវបានមជ្ឈដ្ឋានអន្តរជាតិ និងប្រទេសធំមួយចំនួនធ្វើការរិះគន់ នឹងស្នើឲ្យមានដំណោះស្រាយជាបន្ទាន់ តែលោក ហ៊ុន សែន ថាឲ្យប្រទេសទាំងនោះវិញថាកុំឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា កុំឲ្យការពារអាយ៉ងខ្លួន។
លោក ហ៊ុន សែន ត្រូវបានការសែតអាមេរិកវ៉ាស៊ិនតោនប៉ុស្តិ៍ ចាត់ចំណាត់ថ្នាក់ជាមេដឹកនាំកាន់អំណាចដ៏យូរក្នុងចំណោមមេដឹកនាំ២៣រូបទៀត ដែលមិនព្រមចាកចេញពីតំណែង បើទោះជាមានបាតុកម្មទាមទារឲ្យលាលែង ឬ ចាញ់ឆ្នោតក៏ដោយ។ កាសែតអាមេរិកមួយនេះ ក៏បានបរិយាយដែរថា កម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន មានទាំងជោគជ័យ ភាពរីកចម្រើន ការភ័យខ្លាច និទណ្ឌភាព បក្សពួក-គ្រួសារនិយម និងពុករលួយ។
លោក ហ៊ុន សែន ដែលបច្ចុប្បន្នអាយុ៦៧ឆ្នាំ បានគ្រប់គ្រងកម្ពុជារយៈពេល៣២ហើយ បើរាប់ចាប់ពីឆ្នាំ១៩៨៥មក៕