ក្រុមបាតុករបានប៉ះទង្គិចជាមួយកម្លាំងប៉ូលិសរាប់ពាន់នាក់ នៅឯភូមិមួយរបស់កូរ៉េខាងត្បូង នៅថ្ងៃនេះ ខណៈដែលក្រុងសេអ៊ូល បានដាក់ពង្រាយជើងទម្របាញ់គ្រាប់មីស៊ីល ៤គ្រឿង នៃប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិក ដែលត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងឥតឈប់ឈរពីសំណាក់កូរ៉េខាងជើង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា ជើងទម្រទាំងនោះ នឹងត្រូវបានដំឡើងនៅលើអតីតទីលានវាយកូនហ្កូល នៅជិតទីក្រុង Seongju មានចម្ងាយប្រហែល ២១៧គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងសេអ៊ូល។ ជើងទម្រ ២គ្រឿង និងរ៉ាដាដ៏ខ្លាំងមួយគ្រឿង ត្រូវបានដាក់បញ្ឈររួចរាល់ហើយនៅលើទីតាំងនោះ ជាផ្នែកមួយនៃប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក ហៅកាត់ថា THAAD។
កាលពីព្រឹកថ្ងៃចន្ទកន្លងមកនេះ ប៉ូលិសកូរ៉េខាងត្បូងប្រហែល ៨ពាន់នាក់ បានឈរជើងនៅក្នុងភូមិ Soseong-ri នៅតាមផ្លូវចូលទៅកាន់ទីលានវាយកូនហ្គោលនោះ ដើម្បីទម្លាយរបាំងរបស់អ្នកភូមិប្រហែល ៣០០នាក់ និងក្រុមអង្គការសង្គមស៊ីវិល ដែលជំទាស់នឹងប្រព័ន្ធខែលការពារមីស៊ីលនោះ។
ក្នុងការប៉ះទង្គិចនោះ បាតុករប្រហែល ៣៨នាក់ បានរងរបួស ក្នុងនោះ ២១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ៕