ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាននៅថ្ងៃនេះថា អាមេរិកនឹងមិនអត់ឱនឲ្យទង្វើរបស់កូរ៉េខាងជើងទៀតទេ ប៉ុន្តែលោកថា ការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងក្រុងព្យុងយ៉ាង មិនមែនជា “ជម្រើសទីមួយ” របស់លោកនោះទេ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានផ្សាយបន្តថា សម្ដីរបស់លោក ត្រាំ ហាក់ស្របគ្នាទៅនឹងអ្វីដែលលោកនឹងត្រូវឡើងថ្លែងទៅកាន់សភាអាមេរិក ដែលនៅក្នុងនោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកទាំងអស់ សុទ្ធតែសង្កត់ធ្ងន់ពីការស្វែងរកដំណោះស្រាយខាងកាទូតចំពោះវិបត្តិមួយនេះ។
មន្ត្រីជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលលោក ត្រាំ បាននិយាយថា សេតវិមានកំពុងតែពិចារណាអំពីការចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង។ បញ្ហានេះ អាចបណ្ដាលមកពីភាពចម្រូងចម្រាស់របស់លោក ត្រាំ នៅក្នុងទំនាក់ទំនងជាមួយនឹងក្រុងសេអ៊ូល។
សេតវិមានអាមេរិក បាននិយាយថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំពិភពលោកប៉ុន្មានថ្ងៃក្រោយពីកូរ៉េខាងជើងធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ និងមានឥទ្ធិពលខ្លាំងបំផុតនោះ លោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្ដេជ្ញាចាត់វិធានការបន្ថែមទៀត ក្នុងគោលបំណងសម្រេចឲ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕