មន្ត្រីទីភ្នាក់ងារអង្គការសហប្រជាជាតិម្នាក់ បាននិយាយនៅថ្ងៃនេះ ជនមូស្លីមរ៉ូហ៊ីងយ៉ារហូតដល់ ៣សែននាក់ អាចនឹងរត់ភៀសខ្លួនចេញពីអំពើហិង្សានៅភាគពាយព្យប្រទេសភូមា ចូលទៅក្នុងប្រទេសបង់ក្លាដែស។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានចុះផ្សាយបន្តថា នេះគឺជាសញ្ញាព្រមានអំពីកង្វះខាតជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ សម្រាប់ជនភៀសខ្លួនដែលមានចំនួនកាន់តែកើនឡើងនោះ។
យោងតាមការប៉ាន់ប្រមាណមួយពីបុគ្គលិកអង្គការសហប្រជាជាតិនៅតំបន់ព្រំដែនប្រទេសបង់ក្លាដែស បានឲ្យដឹងថា ចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបានរត់ទៅដល់ព្រំដែនបង់ក្លាដែសចាប់តាំងពីការផ្ទុះអំពើហិង្សាជាថ្មីម្ដងទៀតកាលពី១២ថ្ងៃមុននោះ បានកើនឡើងដល់ចំនួន ១៤ម៉ឺន ៦ពាន់នាក់ហើយ។
គេពិបាកប៉ាន់ស្មានពីចំនួនជាក់លាក់នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដោយសារតែចលាចល ខណៈដែលជនជាតិរ៉ូហ៊ីងយ៉ាបានរត់ភៀសខ្លួនចេញពីប្រតិបត្តិការរបស់យោធាភូមា។
ទោះជាយ៉ាងណា ក្រុមមន្ត្រីអង្គការសហប្រជាជាតិ បានដំឡើងការប៉ាន់ប្រមាណរបស់ពួកគេអំពីចំនួនជនភៀសខ្លួនពីចំនួន ១២ម៉ឺននាក់ ទៅដល់ ៣០ម៉ឺននាក់។ នេះដោយយោងតាមអ្នកនាំពាក្យនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសបង់ក្លាដែស៕