ក្រសួងអប់រំ បានប្រកាសថា បេក្ខជនជិត ៦៤ភាគរយ បានប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំនេះ ខណៈដែលបេក្ខជនប្រឡងជាប់បាននិទ្ទេស A បានកើនឡើងលើសពីឆ្នាំមុនតែជាង ៤ភាគរយប៉ុណ្ណោះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បេក្ខជនប្រឡងជាប់បាក់ឌុបក្នុងឆ្នាំនេះ មានចំនួន ៦៣ ៦៦៨នាក់ ឬស្មើនឹង ៦៣.៨៤ភាគរយ ក្នុងចំណោមបេក្ខជនដែលបានចូលរួមប្រឡងសញ្ញាបត្រទុតិយភូមិសរុបជិត ១០ម៉ឺននាក់។
ក្រសួងបានឲ្យដឹងថា ក្នុងចំណោមបេក្ខជនប្រឡងជាប់បាក់ឌុប បេក្ខជនដល់ទៅ ៤២៤នាក់ នៅទូទាំងប្រទេស ទទួលបាននិទ្ទេស A ដោយបានកើនពីចំនួន ៤០៥នាក់កាលពីសម័យប្រឡងកាលពីឆ្នាំមុន។
ក្រៅពីនិទ្ទេស A ក្រសួងបានឲ្យដឹងបន្ថែមថា បេក្ខជនទទួលបាននិទ្ទេស B មានចំនួន ២៤៦៤នាក់ និទ្ទេស C មានចំនួន ៥០០០នាក់ និទ្ទេស D មានចំនួន ៩១២៣នាក់ និងនិទ្ទេស E មានចំនួន ៤៦៦៥៧នាក់។
ក្រសួងអប់រំបន្ថែមថា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ចំនួន ៣៤ ២៣៤នាក់ ត្រូវជា ៥៣.៤០% ហើយថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ចំនួន ២៩ ៤៣៤នាក់ ត្រូវជា៨២.៦២%។
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ នឹងត្រូវជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែកឯខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែកញ្ញាស្អែកនេះ។
លោក ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ធ្លាប់លើកឡើងថា ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានភាពកាន់តែប្រសើរឡើង ដោយថា ដំណើរការប្រឡង មានស្តង់ដារដូចឆ្នាំមុនៗ និងមានការសហការឃ្លាំមើលពីស្ថាប័នដៃគូមួយចំនួនទៀត៕