នៅឯសហរដ្ឋអាមេរិកឯណោះវិញ មានសេចក្ដីរាយការណ៍មកថា ព្យុះហ័ររីឃែន Irma បានបោកបក់តម្រង់ទៅរករដ្ឋផ្លរីដា នៅថ្ងៃនេះ ខណៈដែលវាបានបោកបក់បំផ្លិចបំផ្លាញឆ្នេរភាគខាងជើងប្រទេសគុយបា និងជំរុញឲ្យពលរដ្ឋអាមេរិកជ្រកក្រោមជម្រកសុវត្ថិភាព បន្ទាប់ពីពួកគេមិនអើពើនឹងការព្រមានកាលពីដំបូង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានរាយការណ៍បន្តថា ព្យុះ Irma គឺជាព្យុះកំណាចបំផុតកើតនៅឯមហាសមុទ្រអាត្លង់ទិច ប្រចាំសតវត្សរ៍។ ព្យុះនេះ ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់បំផ្លិចបំផ្លាញតំបន់ជួរភ្នំភាគខាងត្បូងរដ្ឋផ្លរីដា នៅយប់ថ្ងៃអាទិត្យនេះ។
ទីភ្នាក់ងារអាកាសធាតុអាមេរិក បានតាមដានព្យុះនេះ ដែលបង្ហាញថា វាកំពុងតែបោកបក់ដល់ដីគោកភាគខាងលិចជ្រោយរដ្ឋផ្លរីដា ហើយកំពុងតែតម្រង់ឆ្ពោះទៅឆ្នេរសមុទ្រ។
ព្យុះនេះ បានសម្លាប់មនុស្សយ៉ាងតិច ២២នាក់នៅតំបន់ការ៉ាប៊ីន ហើយត្រូវបានគេព្យាករថា ព្យុះនេះនឹងគំរាមកំហែងអាយុជីវិតមនុស្សនៅរដ្ឋផ្លរីដា និងបង្កមហន្តរាយរាប់ពាន់លានដុល្លារ នៅក្នុងរដ្ឋមានប្រជាជនច្រើនលំដាប់ទី៤របស់អាមេរិក៕