អាជ្ញាធរខេត្តត្បូងឃ្មុំ បានបន្ថែមកម្លាំងសមត្ថកិច្ចចម្រុះ ដោយថា ដើម្បីការពារពន្ធនាគារត្រពាំងផ្លុង ដែលជាកន្លែងឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី១០ ខែ កញ្ញានេះថា ដើម្បីការពារសុវត្ថិភាពបច្ចប្បន្ន នៅមណ្ឌល ម៣ ឬពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម ដែលជាមណ្ឌលឃុំខ្លួន លោក កឹម សុខា នោះ គណៈបញ្ជាការឯកភាពខេត្តនេះ បានសម្រេចបញ្ជូនសមត្ថកិច្ចចម្រុះ ៧៥នាក់បន្ថែមទៀត។
ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោកដោយគ្មានដីកា កាលពីរំលងអធ្រាត្រចូលថ្ងៃ០៣ ខែកញ្ញា ហើយបញ្ជូនទៅឃុំខ្លួនភ្លាមៗ នៅមណ្ឌលពន្ធនាគាត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ។
ការចាប់ខ្លួននេះ ត្រូវបានមន្រ្តីរដ្ឋាភិបាលអះអាងថា ជាការអនុវត្តច្បាប់ ដោយរដ្ឋាភិបាលបានចោទមេបក្សប្រឆាំងរូបនេះថា “ក្បត់ជាតិ”។
ទោះបីជាយ៉ាងណា គណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗជំរុញឲ្យរដ្ឋាភិបាលដោះលែង លោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ។ គណកប្សប្រឆាំងបានហៅការចាប់ខ្លួនលោក កឹម សុខា ថា ជាការរំលោភបំពានអភ័យឯកសិទ្ធិសភា និងគាបសង្កត់ផ្នែកនយោបាយ។
ជាមួយគ្នានោះ តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក និងសហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត បានសម្តែងការព្រួយបារម្ភជាខ្លាំង ជុំវិញការចាប់ខ្លួនមេបក្សរូបនោះ ហើយពួកគេ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែងលើគណបក្សប្រឆាំង៕