អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃម្សិលមិញថា ជនមូស្លីមរ៉ូហ៊ីងយ៉ាជិត ៣សែននាក់ បានរត់ភៀសខ្លួនចេញរដ្ឋរ៉ាក់ឃីន ប្រទេសភូមា ចូលទៅក្នុងប្រទេសបង់ក្លាដែស នៅក្នុងរយៈពេល ១៥ថ្ងៃចុងក្រោយ បន្ទាប់ពីផ្ទុះអំពើហិង្សាជាថ្មីម្ដងទៀត។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP រាយការណ៍បន្តថា តួលេខនេះ បានហក់ឡើងប្រហែល ២ម៉ឺននាក់ នៅក្នុងរយៈពេលមួយថ្ងៃ។
អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ លោក Joseph Tripura បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ២៩ម៉ឺននាក់ បានទៅដល់ប្រទេសបង់ក្លាដែស គិតចាប់តាំងពីថ្ងៃទី២៥ ខែសីហាមក។
ក្រុមមន្ត្រីនិយាយថា អង្គការសហប្រជាជាតិ បានរកឃើញជនជាតិរ៉ូហ៊ីងយ៉ាបន្ថែមទៀតនៅតាមភូមិ និងតំបន់នានា ដែលពីមុនមក មិនត្រូវបានទីភ្នាក់ងារផ្ដល់ជំនួយរាប់បញ្ចូលនោះឡើយ។
ភាគច្រើននៃជនជាតិរ៉ូហ៊ីងយ៉ា បានធ្វើដំណើរដោយថ្មើជើង ឬតាមទូក ឆ្លងព្រំដែនចូលក្នុងប្រទេសបង់ក្លាដែស៕