មីយ៉ាន់ម៉ាប្រកាសមិនទទួលយកការស្នើឡើងរបស់អង្គការសហប្រជាជាតិ ដែលស្នើឲ្យបញ្ឈប់សកម្មភាពបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាក្រុមអ្នកកាន់សាសនាឥស្លាម។
បេសកជនតំណាងប្រទេសមីយ៉ាន់ម៉ា ដែលចូលរួមប្រជុំជាមួយអង្គការសហប្រជាជាតិនៅថ្ងៃនេះ បានលើកឡើងថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទាំងនោះកំពុងធ្វើសកម្មភាពផ្តាច់ខ្លួនដែលមិនអាចលើកលែង ឬបន្ធូរបន្ថយឲ្យបាននោះទេ។ នេះបើតាមសារព័ត៌មាន BBC។
ជនជាតិភាគិចរ៉ូហ៊ីងយ៉ាងប្រមាណ៣៧០ ០០០នាក់ ត្រូវបានគេរកឃើញថា បានរត់គេចខ្លួនចេញពីរដ្ឋរ៉ាឃីន ឆ្លងកាត់ព្រំដែនទៅក្នុងក្នុងប្រទេសបង់ក្លាដេស ចាប់តាំងពីស្ថានភាពនៃការវាយបង្ក្រាបកាលពីខែមុនកន្លងទៅក្រោយពេលផ្ទុះហិង្សា។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានកោះប្រជុំនៅថ្ងៃពុធនេះ ដើម្បីជជែកពីវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រុមយោធាមីយ៉ាន់អះអាងថា ពួកគេវាយកម្ចេទក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា មិនបានសំដៅវាយកម្ចេទលើជនស៊ីវិលទូទៅនោះទេ។
កាលពីថ្ងៃចន្ទ ឧត្តមស្នងការអង្គការសហប្រជាជាតិបានជំរុញឲ្យមីយ៉ាន់ម៉ាបញ្ចប់ការប្រព្រឹត្តអំពើឃោរឃៅ ដែលចាត់ទុកថា កំពុងបោសសម្អាត ឬ សម្លាប់ផ្តាច់ពូជលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕