ភ្លើងឆេះសាលារៀនតាមបែបសាសនាមួយនៅក្នុងទីក្រុងកូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃប្រលឹមថ្ងៃព្រហស្បតិ៍នេះ បានបណ្តាលឲ្យមានអ្នកស្លាប់២៥នាក់ ក្នុងនោះមានសិស្ស គ្រូ និងអ្នកយាមនៅសាលារៀននោះ។
តាមរបាយការណ៍ពីក្រុមជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់នោះ ២៣នាក់ជាសិស្សនិងគ្រូ ចំណែក២នាក់ផ្សេងទៀតជាអ្នកយាម។ នេះបើតាមសារព័ត៌មាន BBC។
ក្រុមអ្នកពន្លត់អគ្គីភ័យថ្លែងថា នេះជាការបាត់បង់ទ្រង់ទ្រាយធំរបស់ជាតិ ដែលមិនធ្លាប់កើតមានក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ។ ពួកគេថា រឿងនេះមិនសមហេតុផលនឹងកើតមានឡើងនោះទេ។
សាលារៀននោះជា សាលារៀនតាមបែបសាសនាឥស្លាម ចំណែកអាយុសិស្សដែលស្លាប់នោះមិនទាន់ទទួលបាននៅឡើយ តែតាមព័ត៌មានមិនផ្លូវការពីអ្នកធ្វើការងារនៅសាលានោះគឺសិស្សមានអាយុពី៥ទៅ ១៨ឆ្នាំ។
សិស្សមួយចំនួនទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ពួកគេកំពុងប៉ះពាល់ខ្លាំងដោយសារស្រូបយកផ្សែងចូលក្នុងខ្លួនច្រើន។
ជុំវិញបញ្ហាភ្លើងឆេះសាលារៀនសាសនាមួយនេះ គេនៅមិនមានការស្រាវជ្រាវឲ្យដឹងមូលហេតុជាផ្លូវការនៅឡើយទេ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ថ្លែងថា ឧបទ្ទវហេតុនេះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់រដ្ឋាភិបាល ហើយលោកបញ្ជាឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បី ការពារកុំឲ្យមានហេតុការបែបនេះកើតឡើងនៅពេលក្រោយទៀត៕