រដ្ឋការរបស់លោក ដូណល ត្រាំ រារាំងក្រុមហ៊ុននានារបស់អាមេរិកឲ្យបញ្ឈប់លក់បច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនរបស់ចិន ដោយបញ្ជាក់ហេតុផលពាក់ព័ន្ធជាមួយសន្តិសុខជាតិ។
ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុនបច្ចេកវិទ្យាចិនឈ្មោះ Canyon Bridge Capital Partners បានស្វែងរកការទិញ ក៏ដូចជាការទំនាក់ទំនងជាមួយក្រុមហ៊ុនអាមេរិកឈ្មោះ Lattice Semiconductor ក្នុងតម្លៃទឹកប្រាក់ ១,៣ ពាន់លានដុល្លារ។ ក្រុមហ៊ុននានាបានថ្លែងថា ពួកគេមិនពេញចិត្តចំពោះការសម្រេចរបស់រដ្ឋការអាមេរិកនោះទេ។
ការសម្រេចនេះ ចាប់ផ្តើមធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់អាមេរិកបានធ្វើការរឹតបន្តឹង ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។
កាលពីខែមុនសហរដ្ឋអាមេរិកបានត្រួតពិនិត្យលើច្បាប់កម្មសិទ្ធិបញ្ញារបស់ចិន ដែលតម្រូវឲ្យក្រុមហ៊ុនអាមេរិកត្រូវផ្តល់ព័ត៌មានសំខាន់មួយចំនួន។
អ្នកនយោបាយនិង មេដឹកនាំយោធាអាមេរិក បានជំរុញឲ្យរដ្ឋាភិបាល បិទបញ្ចប់ការវិនិយោគក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននៅសហរដ្ឋអាមេរិក។ ក្រោយការស្នើឡើងនេះ រដ្ឋការរបស់លោកត្រាំ បានសម្រេចតាមភ្លាម ដោយហេតុផលដើម្បីសន្តិសុខជាតិ៕