អគ្គលេខាធិការអង្គការសហប្រជាតិលើកឡើងថា ស្ថានភាពជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅតែស្ថិតនៅក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ខ្លាំង ដែលត្រូវមានការបង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងថា ការវាយប្រហារដោយក្រុមយោធា លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាច្រើនកន្លែងនោះជាការមិនអាចទទួលយកបានទេ។ ទោះយ៉ាងខាងយោធាថ្លែងថា ពួកគេវាយប្រហារលើក្រុមបះបោរមិនបានវាយប្រហារលើក្រុមជនស៊ីវិលនោះទេ។
ពេលបញ្ចប់ការប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីម្សិលមិញ គឺមានការជំរុញឲ្យបញ្ចប់ជាបន្ទាន់នៃអំពើហិង្សាលើជនជាតិភាគតិចទាំងនោះ។
អង្គការសហប្រជាជាតិផ្នែកសិទ្ធិជនភៀសខ្លួន ថ្លែងថា ជំនួយសម្រាប់ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ដែលរត់គេចចេញពីប្រទេសទៅកាន់ប្រទេសបង់ក្លាដេសនោះមិនទាន់គ្រប់គ្រាន់ទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres ថ្លែងអំពាវនាវឲ្យឲ្យសហគមន៍អន្តរជាតិ ផ្តល់ជំនួយ គ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបានលើផ្នែកមនុស្សធម៌ ដើម្បីដោះស្រាយស្ថានភាពកំពុងតែមានភាពគ្រោះថ្នាក់យ៉ាងខ្លាំង។ លោកបន្តថា ចំនួនជនជាតិរ៉ូហ៊ីងយ៉ា ដែលគេចចេញពីមីយ៉ាន់ម៉ា ទៅបង់ក្លាដេសកាលពីសប្តាហ៍មុនមាន១២៥ ០០០នាក់ ប៉ុន្តែថា ចំនួនបានកើនឡើងនៅសប្តាហ៍នេះមាន៣៨០ ០០០នាក់៕