ស្ថានទូតអាមេរិកប្រចាំកម្ពុជាឲ្យដឹងថា ក្រុមអ្នកស្ម័គ្រចិត្តជនជាតិអាមេរិកជិតមួយរយនាក់ នឹងធ្វើដំណើរទៅខេត្តគោលដៅរៀងខ្លួន បន្ទាប់ពីស្បថចូលបំពេញការងារ ជាអ្នកបង្រៀនភាសាអង់គ្លេស និងជាអ្នកអប់រំសុខភាពសហគមន៍ ទោះបីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរត្រូវបានគេមើលឃើញថា ហាក់ស្ថិតក្នុងសភាពតានតឹង។
ក្នុងពិធីស្បថចូលបំពេញការងារសំរាប់អ្នកស្ម័គ្រចិត្តថ្មីរបស់ទីភ្នាក់ងារ Peace Corps ក្រុមទី១១ ដែលរៀបចំដោយស្ថានទូតអាមេរិក នៅថ្ងៃទី១៥ខែកញ្ញា២០១៧ កញ្ញា Christine Thinn អាយុ២៦ឆ្នាំ ដែលទើបតែមកស្នាក់នៅខេត្តកណ្តាលរយៈពេល៩សប្តាហ៍ ឲ្យដឹងថា នាងមិនមានបញ្ហាអ្វីទេ និងចូលចិត្តម្ហូបខ្មែរ។
កញ្ញា Christine នឹងទៅស្នាក់នៅជាមួយគ្រួសារខ្មែរ ក្នុងខេត្តកំពង់ចាមបន្តទៀត ហើយធ្វើជាអ្នកស្ម័គ្រចិត្តនៅមណ្ឌលសុខភាព និងបង្រៀនភាសាអង់គ្លេសនៅសាលារៀនរដ្ឋ។
បើតាមស្ថានទូតអាមេរិក អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ត្រូវរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ នៅតាមភូមិនិងសហគមន៍ជនបទ ដោយគេធ្វើការនៅទីនោះរយៈពេល២ឆ្នាំ។ ការរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះជួយអោយអ្នកស្ម័គ្រចិត្តសម្របខ្លួនទៅក្នុងសហគមន៍ រៀនពីវប្បធម៌ ប្រពៃណីរបស់អ្នកស្រុក និងរៀននិយាយភាសាខ្មែរ។
គិតតាំងពីឆ្នាំ២០០៦ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ចំនួនជាង៥០០នាក់ បានមកធ្វើការនៅប្រទេសកម្ពុជា ដោយពួកគេបានបង្រៀនភាសាអង់គ្លេស និងបណ្តុះបណ្តាលគ្រូ និងធ្វើការអប់រំសុខភាពតាមសហគមន៍។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅឆ្នាំ ១៩៦១ ដើម្បីជំរុញសន្តិភាព និងមិត្តភាពក្នុងពិភពលោក។ គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺកសាងសមត្ថភាពរបស់មនុស្សប្រុសស្រីនៅក្នុងប្រទេស ដែលមានការពាក់ព័ន្ធ និងលើកកំពស់ការយល់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ៕