ក្រុមតំណាងរាស្ត្របក្សប្រឆាំង កាលពីថ្ងៃសុក្រកន្លងមកនេះ បានស្នើជាថ្មីម្ដងទៀតទៅតុលាការរាជធានីភ្នំពេញ ដើម្បីចូលជួបសួរសុខទុក្ខមេដឹកនាំរបស់ពួកគេ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ប៉ុន្តែ តុលាការបានបដិសេធជាថ្មីម្ដងទៀត។
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ឈានចូលថ្ងៃទី០៣ ខែកញ្ញាកន្លងមកនេះ និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ដោយត្រូវបានរដ្ឋាភិបាលចោទថា «ក្បត់ជាតិ» ពាក់ព័ន្ធនឹងសម្ដីមេបក្សប្រឆាំងរូបនេះ ដែលបានថ្លែងនៅក្នុងប្រទេសអូស្ត្រាលី អំពីការគាំទ្រខាងប្រជាធិបតេយ្យពីសំណាក់ប្រទេសអាមេរិក។
បន្ទាប់ពីមេដឹកនាំរបស់ពួកគេត្រូវបានចាប់ដាក់ឃុំរួចមក ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យទៅតុលាការរាជធានីភ្នំពេញម្ដងរួចមកហើយកាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងមកនេះ ដើម្បីចូលសួរសុខទុក្ខលោក កឹម សុខា។
នៅពេលធ្វើដំណើរចូលទៅសួរសុខទុក្ខលោក កឹម សុខា នៅឯពន្ធនាគារត្រពាំងផ្លុងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ក្រុមតំណាងរាស្ត្របក្សប្រឆាំង មិនត្រូវបានអនុញ្ញាតឲ្យចូលជួបមេដឹកនាំរបស់ពួកគេនោះឡើយ ខណៈដែលកម្លាំងសន្តិសុខចម្រុះរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅជុំវិញបរិវេណពន្ធនាគារនោះ។
នៅក្នុងលិខិតផ្ញើទៅលោក គី ឬទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញានោះ តំណាងរាស្ត្របក្សប្រឆាំងមណ្ឌលខេត្តកំពង់ចាម លោក ម៉ៅ មុនីវណ្ណ និងតំណាងរាស្ត្រ ១១រូបផ្សេងទៀត បានស្នើចូលជួប និងសួរសុខទុក្ខលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញាសប្ដាហ៍ក្រោយនេះ។
ប៉ុន្តែ នៅក្នុងលិខិតឆ្លើយតបទៅនឹងតំណាងរាស្ត្របក្សប្រឆាំងចុះថ្ងៃទី១៤ ខែកញ្ញាដដែលនោះ ចៅក្រម លោក គី ឬទ្ធី បានបដិសេធទៅនឹងសំណើនេះ ដោយលើកហេតុផលថា សំណុំរឿងលោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាង។
ក្រៅពីហេតុផលនេះ លោក គី ឬទ្ធី បានបញ្ជាក់បន្ថែមថា ចៅក្រមនៅមិនទាន់បានសាកសួរជនត្រូវចោទ លោក កឹម សុខា នៅឡើយទេ។
ចៅក្រមរូបនេះ ប្រាប់ថា ស្ថិតក្នុងដំណាក់កាលនេះ មានតែមេធាវី និងសមាជិកក្រុមគ្រួសារលោក កឹម សុខា ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យចូលសួរសុខទុក្ខ៕