UN ថ្កោលទោស «ទង្វើគឃ្លើន» កូរ៉េ​​​ខាងជើងបាញ់គ្រាប់មីស៊ីលរំលងជប៉ុន

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​នេះ បាន​ថ្កោល​ទោស​កូរ៉េ​ខាង​ជើងដែល​បាន​បាញ់​គ្រាប់​មីស៊ីល​រំលង​ប្រទេស​ជប៉ុន ដោយ​ចាត់​ទុក​ជា​«ទង្វើ​បង្ក​ហេតុ​កម្រិត​ខ្ពស់» ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​កំណត់​ពេល​ជួប​ជជែក​ជាមួយ​មេដឹកនាំ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដីរាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​រំលង​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​ធ្លាក់​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​នោះ​គឺ​ជា​ទង្វើ​របស់​ក្រុង​ព្យុងយ៉ាង​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​ថ្មី​ពី​សំណាក់​អង្គការ​សហ​ប្រជាជាតិ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ថាមពល​ខ្លាំង​ក្លា​លើក​ទី​៦ កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​កន្លង​មក​នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​ឯក​ឆន្ទ​គាំ​ទ្រ​ដោយ​ប្រទេស​ចិន​ផង​នោះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បានលើក​ឡើង​ថា ការ​បាញ់​គ្រាប់​មីស៊ីល​នោះ ត្រូវ​បាន​ធ្វើ​ឡើង​តែ ៣​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាញ់​គ្រាប់​មីស៊ីល​ដំបូង​រំលង​ប្រទេស​ជប៉ុន។

ក្រុម​ប្រឹក្សា​នេះ បាន​ថ្កោល​ទោស​«ខ្លាំង​ក្លា»​ទៅ​លើ​ការ​បាញ់​គ្រាប់​មីស៊ីល​ទាំង​នេះ ដោយ​ថ្កោល​ទោស​បន្ថែម​ទៀត​ទៅ​លើ​សកម្មភាព​​គឃ្លើន​របស់​រដ្ឋ​ឯកោ​មួយ​នេះ ហើយ​បាន​ទាមទារ​ទៅ​ក្រុង​ព្យុងយ៉ាង ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​បែប​នេះ​ទាំង​អស់។

នៅ​ឯ​រដ្ឋ​ធានី​វ៉ាស៊ីងតោន​ឯណោះ​វិញ សេតវិមាន​បាន​ប្រកាស​ថា លោក ត្រាំ នឹង​ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន នៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ។

បញ្ហា​កូរ៉េ​ខាង​ជើង នឹង​គ្រប​ដណ្ដប់​លើ​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​របស់​មេដឹកនាំ​ពិភព​លោក នៅ​សប្ដាហ៍​ក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ