ប៉ូលិសអង់គ្លេស បានចាប់ខ្លួនយុវជនម្នាក់វ័យ ១៨ឆ្នាំ នៅឯកន្លែងចេញដំណើរនៃកំពង់ផែ Dover កាលពីថ្ងៃម្សិលមិញនេះ ដោយសារសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅក្នុងរថភ្លើងក្រោមដីក្នុងទីក្រុងឡុងដ៍ ហើយប៉ូលិសកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យសំខាន់ៗបន្ថែមទៀតផងដែរ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
យុវជនរូបនោះ ដែលមិនត្រូវបានប៉ូលិសបញ្ចេញអត្តសញ្ញាណនោះ ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថា បានប្រព្រឹត្ត បានរៀបចំ ឬក៏បានបង្កសកម្មភាពភេរវកម្ម នៅក្រោយការវាយប្រហារកាលពីថ្ងៃសុក្រកន្លងមកនេះ ដែលបណ្ដាលឲ្យមនុស្ស ៣០នាក់រងរបួស នៅឯស្ថានីយ៍រថភ្លើង Parsons Green។
ប៉ូលិសទីក្រុងឡុងដ៍ លោក Neil Basu បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលិសកំពុងតែពិចារណាថា តើមានមនុស្សលើសពីម្នាក់ ទទួលខុសត្រូវលើការវាយប្រហារនេះឬទេ។
កំពង់ចម្លង Dover ត្រូវបានគេជម្លៀសចេញអំឡុងពេលចាប់ខ្លួនយុវជនរូបនោះ ហើយរបស់របរមួយចំនួន ត្រូវបានប៉ូលិសរឹបអូស អំឡុងពេលយុវជនរូបនោះ ត្រូវដាក់ឲ្យស្ថិតក្រោមការឃុំខ្លួននៅទីក្រុងឡុងដ៍។
គ្រាប់បែកបានផ្ទុះឡើងនៅក្នុងទូររថភ្លើងមួយ កាលពីព្រឹកថ្ងៃសុក្រ ជាមួយកម្លាំងផ្ទុះដ៏ធំ ដែលក្រោយមក សាក្សីរៀបរាប់ថា ប្រៀបបាននឹងដុំភ្លើងមួយដូច្នោះដែរ។ នេះគឺជាការវាយប្រហារភេរវកម្មលើកទី ៥ កើតឡើងនៅអង់គ្លេស នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះ។
ការវាយប្រហារនេះ ត្រូវបានក្រុមភេរវកម្មរដ្ឋឥស្លាម IS ប្រកាសទទួលខុសត្រូវ៕