រូបថត​ពី​ផ្កាយ​រណប​បង្ហាញ​ថា យោធា​ភូមា​ដុត​ភូមិឋាន​ជន​ជាតិរ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាក់ឃីន

អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​បញ្ចេញ​រូបភាព​ផ្កាយ​រណប​ថ្មីៗ​ស្ដី​ពី​ការ​ដុត​បំផ្លាញ​ភូមិឋាន​នានា​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន ដោយ​ចោទ​ថា កង​កម្លាំង​សន្តិសុខ​ភូមា បាន​ដឹកនាំ​ការ​បោស​សម្អាត «ជា​ប្រព័ន្ធ»​លើ​ក្រុម​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រយៈ​ពេល​ជាង ៣​សប្ដាហ៍​កន្លង​មក​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ដក​ស្រង់​សម្ដី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា យ៉ាង​ហោច​ណាស់​ភូមិឋាន ២៦​កន្លែង ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​នៅ​តំបន់​សម្បូរ​ទៅ​ដោយ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា។ អង្គការ​នេះ​បាន​បង្ហាញ​រូបថត​ពណ៌​ប្រផេះ ដែល​គូស​បញ្ជាក់​ថា ផ្ទះ​សម្បែង​ត្រូវ​បាន​ដុត​បំផ្លាញ។

ដោយ​ផ្អែក​លើ​រូបថត​ទាំង​នោះ អង្គការ​នេះ​បាន​និយាយ​ថា រូបថត​អណ្ដាត​ភ្លើង​ដែល​ចាប់​បាន​តាម​រយៈ​ផ្កាយ​រណប​នោះ បាន​​ឆាប​ឆេះ​ក្នុង​ទ្រង់​ទ្រាយ​ធំ នៅ​ទូទាំង​ភាគ​ខាង​ជើង​រដ្ឋ​រ៉ាក់ឃីន ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​មក​ម៉្លេះ ពោល​គឺ​នៅ​ពេល​ដែល​កង​ទ័ព​ភូមា​ចាប់​ផ្ដើម​ប្រតិបត្តិការ​បោស​សម្អាត។

អំពើ​ហិង្សា​ថ្មី​បំផុត​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន បន្ទាប់​ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​ពួក​បះបោរ​រ៉ូហ៊ីងយ៉ា ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​ និង​ជំរុំ​យោធា​ភូមា ដែល​ជំរុញ​ឲ្យ​មាន​ការ​វាយ​ប្រហារ​សង​សឹក​ពី​សំណាក់​កម្លាំង​សន្តិសុខ​ភូមា។

អង្គការ​សហ​ប្រជាជាតិ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ៤៣​ម៉ឺន​នាក់ បាន​រត់​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស ដើម្បី​គេច​ពី​ការ​បោស​សម្អាត​ជាតិ​សាសន៍​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ