ប្រជាពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាប្រមូលផ្តុំលើដងផ្លូវ ដើម្បីតវ៉ាប្រឆាំងចំពោះការដឹកនាំរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ជុំវិញបញ្ហាច្បាប់និង ការអនុវត្តនយោបាយការសម្លាប់មនុស្សរបស់មេដឹកនាំរូបនេះជុំវិញយុទ្ធនាការលុបបំបាត់គ្រឿងញៀន។
ក្រុមអ្នកតវ៉ាបាននាំគ្នាស្រែកលើដងផ្លូវរិះគន់លោកឌូទើតេ ចំពោះការយកច្បាប់សឹកសម្លាប់មនុស្សឃោរឃៅ លើសកម្មភាពសម្លាប់អ្នកពាក់ព័ន្ធបញ្ហាគ្រឿងញៀន។ ក្នុងចំណោមអ្នកតវ៉ាទាំងនោះក៏មានអ្នកដែលធ្លាប់គាំទ្រការដឹកនាំរបស់លោកឌូទើតេនៅពេលកន្លងមកដែរ។នេះបើតាមសារព័ត៌មានBBC។
នៅក្នុងតំណាក់កាលនេះ លោកឌូទើតេ ក៏កំពុងប្រឈមនឹងការចោទថា កូនប្រុសរបស់លោកជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន។ លោក ឌូទើតេថ្លែងថា លោកនឹងអនុញ្ញាតឲ្យសម្លាប់កូនប្រុសរបស់លោកបើសិនជារកឃើញថា កូនប្រុសនោះជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនដូចការចោទប្រកាន់មែន។
កូនប្រុសរបស់លោក ឌូទើតេ អាយុ៤២ឆ្នាំរងការចោទថា នាំគ្រឿងញៀនតាមកប៉ាល់ពីប្រទេសចិនចូលហ្វីលីពីន ដែលមានតម្លៃរាប់លានដុល្លារ។ ប៉ុន្តែកូនប្រុសរូបនេះបានចេញមុខបកស្រាយនៅមុខព្រឹទ្ធសភា កាលពីដើមខែកញ្ញាថា នោះគ្រាន់តែជាការមូលបង្កាច់ ឬ ពាក្យចរចាមអារាមតែប៉ុណ្ណោះ។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំនៅមុខវិមានប្រធានាធិបតីនៅក្នុងទីក្រុងម៉ានីល ដោយស្រែកទាមទារឲ្យលោកឌូទើតេ បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។ អ្នកតវ៉ាបានប្រៀបធៀប សកម្មភាពរបស់លោក ឌូទើតេដូចការដឹកនាំផ្តាច់ការរបស់លោក Ferdinand Marcos កាលពី៤៥ឆ្នាំមុន។
លោក រ៉ូឌ្រីហ្គោ ឌូទើតេ អាយុ៧២ឆ្នាំ បានឡើងកាន់អំណាចតាមរយៈការបោះឆ្នោតកាលពីពាក់កណ្តាលឆ្នាំ២០១៦។ លោក បានប្រកាសចាត់វិធានការតឹងរឹងក្នុងការប្រឆាំអំពើពុករលួយ និង ការជួញដូរគ្រឿងញៀន។