សមត្ថកិច្ចខេត្តក្រចេះឲ្យដឹងថា បុរសម្នាក់ដែលចាប់ខ្លួនទាក់ទងការចោទថា ច្រៀងជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ នឹងត្រៀមបញ្ជូនទៅកាន់តុលាការខេត្តដើម្បីបន្តនីតិវិធី។
កាលពីថ្ងៃទី២២ ខែ កញ្ញាម្សិលមិញ បុរសម្នាក់ឈ្មោះ ហ៊ុយ ឧត្តម អាយុ ២៩ ឆ្នាំ ត្រូវបានអធិការស្រុកព្រែកប្រសព្វ ខេត្តក្រចេះឃាត់ខ្លួនចោទថា ច្រៀងជេរលោក ហ៊ុន សែន ហើយផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីឆ្នាំ ២០១៥។
អធិការស្រុកព្រែកប្រសព្វ លោក ចាន់ សុផល្លា បានឲ្យដឹងថាបុរសដែលត្រូវបានឃាត់ខ្លួននោះ កំពុងស្ថិតនៅព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ហើយត្រៀមនឹងបញ្ជូនខ្លួនទៅតុលាការខេត្តដើម្បីបន្តនីតិវិធី។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំ ខ្លួនស្ត្រីវ័យក្មេងម្នាក់ឈ្មោះ មឿន លីហ័រ ចោទថា បានបង្ហោះសារ និងរូបភាព បែបជេរប្រមាថ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ តាមបណ្តាញសង្គមហ្វេសប៊ុក។