សមត្ថកិច្ចរាប់សិបនាក់ នៅព្រឹកនេះ បានដាក់ពង្រាយ និងបិទកំណាត់មហាវិថីព្រះស៊ីសុវត្ថិ និងផ្លូវមួយចំនួនទៀតជុំវិញសាលាឧទ្ធរណ៍ ខណៈតុលាការចាប់ផ្តើមសវនាការមេបក្សប្រឆាំង លោក កឹម សុខា។ នេះ បើតាមអ្នករាយការណ៍ព័ត៌មានវីអូឌី។
អ្នករាយការណ៍ព័ត៌មានវីអូឌី ដែលកំពុងតាមដាននៅមុខសាលាឧទ្ធរណ៍បាន ឲ្យដឹងថា កំណាត់មហាវិថីព្រះស៊ីសុវត្ថិ ចាប់ពីមុខវត្តឧណ្ណាលោម រហូតដល់ផ្លូវបំបែកជិតសាលាឧទ្ធរណ៍ និងផ្លូវជុំវិញព្រះមរមរាជវាំង ត្រូវបានអាជ្ញាធររាជធានីភ្នំពេញរាប់សិបនាក់ បិទមិនឲ្យធ្វើចរាចរណ៍ និងហាមរាល់អ្នកធ្វើដំណើរទាំងអស់ មិនឲ្យដើរនៅតាមមាត់ទន្លេ ឬមុខព្រះបរមរាជវាំង ដោយសំអាងពីការរក្សាសុវត្ថិភាព។
លោក កឹម សុខា ដែលពេលនេះ កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា កាលពីរំលងអធ្រាត្រ ថ្ងៃទី៣ខែកញ្ញា ដោយចោទថា ពីបទក្បត់ជាតិដោយរដ្ឋាភិបាលកម្ពុជា។