កងទ័ពភូមា បានគាស់សាកសពអ្នកភូមិ ១៧នាក់ជាហិណ្ឌូសាសនិក កាលពីថ្ងៃម្សិលមិញនេះ ដែលធ្វើឲ្យចំនួនសាកសពកើនឡើងដល់ ៤៥នាក់ហើយ ដោយអាជ្ញាធរភូមាសង្ស័យថា ពួកគេត្រូវបានពួកបះបោរមូស្លីមសម្លាប់កាលពីខែមុន នៅក្នុងអំពើហិង្សាដែលបានបង្ខំមនុស្សដល់ទៅ ៤៣ម៉ឺន ៦ពាន់នាក់ ឲ្យរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែស។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានចុះផ្សាយបន្តថា សាកសពទាំងនោះ ត្រូវបានគេរកឃើញកប់នៅក្រោមភូមិមួយស្ថិតក្នុងរដ្ឋរ៉ាក់ឃីននៅភាគខាងលិចប្រទេសភូមា ចាប់តាំងពីថ្ងៃអាទិត្យកន្លងមកនេះ បន្ទាប់ពីការផ្ទុះអំពើហិង្សាកាលពីថ្ងៃទី២៥ ខែសីហា នៅពេលពួកបះបោរមូស្លីមរ៉ូហ៊ីងយ៉ា បានវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិស និងជំរុំយោធាប្រហែល ៣០កន្លែង។
អង្គការសហប្រជាជាតិ បានពិពណ៌នាប្រតិបត្តិការយោធាតបតទៅនឹងការវាយប្រហារនោះថាជា «ការបោសសម្អាតជាតិសាសន៍» ក្នុងបំណងបណ្ដេញជនជាតិរ៉ូហ៊ីងយ៉ាចេញពីភូមា ដែលជាប្រទេសកាន់ពុទ្ធសាសនា។
ប៉ុន្តែ រដ្ឋាភិបាលភូមាបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា ខ្លួនកំពុងតែកម្ចាត់ពួកភេរវករ។
អគ្គរដ្ឋទូតភូមាប្រចាំអង្គការសហប្រជាជាតិ លោក ហួ ដូសួន បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃម្សិលមិញថា គ្មានការបោសសម្អាតជាតិសាសន៍នោះឡើយ ហើយក៏គ្មានអំពើប្រល័យពូជសាសន៍ដែរ។ អ្នកកាទូតភូមារូបនេះ និយាយបន្ថែមថា មេដឹកនាំភូមាដែលបានតស៊ូដើម្បីសេរីភាព និងសិទ្ធិមនុស្សជាយូរមកហើយនោះ នឹងដើរតាមគោលនយោបាយបែបនេះនោះទេ។
រដ្ឋាភិបាលភូមានិយាយថា មុននឹងរណ្ដៅសពដ៏ច្រើនបែបនេះត្រូវបានរកឃើញនោះ មនុស្សជាង ៤០០នាក់ហើយ ត្រូវបានសម្លាប់ ភាគច្រើនគឺជាជនបះបោរ។
នៅអំពើហិង្សានេះ សមាជិកជនជាតិភាគតិចកាន់សាសនាហិណ្ឌូនៅក្នុងប្រទេសភូមា បានជាប់នៅចន្លោះកណ្ដាលនៃជម្លោះជាតិសាសន៍នេះ៕