លោកស្រី យីង ឡាក់ជាប់ពន្ធនាគារ​៥ឆ្នាំ​

តុលាការកំពូលរបស់ថៃ ប្រកាសសេចក្តីសម្រេចនៅថ្ងៃនេះ ឲ្យលោកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រី​ដែលត្រូវបានបណ្តេញចេញពីតំណែង ឲ្យជាប់ពន្ធនាគារចំនួន​៥ឆ្នាំ ពាក់ព័ន្ធ និងកំហុសធ្វេសប្រហែលបណ្តាលឲ្យបាត់បង់លុយជាតិ​លើគម្រោងទិញស្រូវ។​

ការប្រកាសសាលដីកា សម្រេចទោសលើលោកស្រី យីង ឡាក់​នៅរសៀលនេះ មិនមានវត្តមានលោកស្រីទេ គឺ មានតែអ្នកគាំទ្រប្រមូលផ្តុំនៅមុខតុលាការក្នុងទីក្រុងបាងកក។​ មេធាវីការពារក្តីឲ្យលោកស្រី យីង ឡាក់ ថ្លែងថា ពួកគេមិនបានទាក់ទងកូន ក្តីរបស់ខ្លួនតាំងពីខែសីហា មក ហើយមិនដឹងថា កូនក្តីនៅទីណានោះទេ។​ នេះបើតាមសារព័ត៌មាន​Channel News Asia។​

រដ្ឋាភិបាលយោធាថៃ អះអាងថា លោកស្រី យីង ឡាក់ បានរត់គេចចេញពីប្រទេស ហើយត្រៀមបន្តគេចចេញទៅប្រទេសទី៣ ទៀត។​

លោកស្រី យីង ឡាក់ អាយុ ៥០ឆ្នាំ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា ចុះផ្សាយថា លោកស្រី បានរត់គេចចេញពីប្រទេស កាលពីចុងខែសីហា ទៅរស់នៅជាមួយបងប្រុសរបស់លោកស្រី គឺលោក ថាក់ ស៊ីន នៅក្នុងទីក្រុងឌូប៉ៃនៃប្រទេសអារ៉ាប់។​

លោកស្រី យីង ឡាក់ជាប់ឆ្នោតជា នាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១១ គឺមានប្រជាប្រិយភាពខ្លាំងលើគោលនយោបាយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ប៉ុន្តែពួករដ្ឋាភិបាលយោធា ដែលធ្វើរដ្ឋប្រហារទម្លាក់លោកស្រីកាលពីឆ្នាំ​២០១៤ បានចោទថា តាមគម្រោងទិញស្រូវនេះ ធ្វើឲ្យបាត់បង់ថវិកាជាតិ​ ប្រមាណ​៨ ពាន់លានដុល្លារអាមេរិក​។​

ជុំវិញករណីលោកស្រី យីង ឡាក់នេះ ត្រូវបានក្រុមអ្នកវិភាគមួយចំនួនអះអាងថា ជាចេតនារបស់ក្រុមយោធា និង រាជវាំងថៃ ជាអ្នករៀបចំដាក់បន្ទុក​ ក្នុងបំណងលុបបំបាត់ខ្សែស្រឡាយ​លោកថាក់ ស៊ីន ដោយសារក្រុមនេះ មានប្រជាប្រិយភាពជាងក្សត្រ។  ចំណែកការគេចខ្លួនរបស់លោកស្រី យីង ឡាក់នេះ គឺជាចេតនារបស់ពួកយោធា ដែលចង់ឲ្យលោកស្រី ចាកចេញពីប្រទេសជៀសវាងការចាប់ខ្លួន ដើម្បីកុំឲ្យមានភាពតានតឹងផ្នែកនយោបាយ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ