រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្លាស់ប្ដូរអភិបាលរងខណ្ឌ ៨រូបនៅក្នុងរាជធានីភ្នំពេញ ដោយខ្លះត្រូវបានផ្ទេរទៅកាន់ខណ្ឌផ្សេង ខណៈមួយចំនួនទៀត ត្រូវបានតែងតាំងថ្មី។
ក្នុងអនុក្រឹត្យចុះថ្ងៃទី២៩ ខែកញ្ញា រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានសម្រេចផ្ទេរភារកិច្ចអភិបាលរងខណ្ឌចំនួន ៣រូប និងតែងតាំងមន្រ្តី ៥រូបផ្សេងទៀត ឲ្យកាន់តំណែងជាអភិបាលរងខណ្ឌចំនួន ៥។
ក្នុងអនុក្រឹត្យដដែល ឲ្យដឹងថា មន្រ្តី ៣រូប ដែលនឹងត្រូវផ្ទេរភារកិច្ចនោះ មានលោកស្រី ទាវ ឆវីមនីរ៉ា ដែលត្រូវផ្ទេរតំណែងពីអភិបាលរងខណ្ឌចំការមន ទៅកាន់មុខតំណែងជាអភិបាលរងខណ្ឌ៧មករា ខណៈលោកស្រី ព្រុំ រដ្ឋា ត្រូវបានផ្លាស់ប្ដូរពីអភិបាលរងខណ្ឌសែនសុខ ទៅកាន់តំណែងជាអភិបាលរងខណ្ឌទួលគោកវិញ ហើយលោកស្រី លី រ៉ូហ្សាមី ត្រូវបានផ្ទេរពីអភិបាលរងខណ្ឌឬស្សីកែវ ទៅកាន់តំណែងអភិបាលរងខណ្ឌសែនសុខវិញ។
ជាមួយគ្នានោះដែរ លោក ស ខេង ក៏បានតែងតាំងអភិបាលរងខណ្ឌចំនួន ៥រូបទៀត មានលោក កៅ សារ៉ាវុធ កាន់តំណែងអភិបាលរងខណ្ឌជ្រោយចង្វារ លោក ចាន់ គន្ថេត កាន់មុខតំណែងអភិបាលរងខណ្ឌដូនពេញ លោក ចាន់ បណ្ឌិត កាន់អភិបាលរងខណ្ឌទួលគោត លោកស្រី សួស សូលីដា កាន់តំណែងជាអភិបាលរងខណ្ឌឬស្សីកែវ និងលោកស្រី កែវ សាម៉ុល កាន់តំណែងជាអភិបាលរងខណ្ឌចំការមនផងដែរ៕