លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតពីតម្លៃនៃសន្តិភាព ដោយលោកថា សន្តិភាព និងការអភិវឌ្ឍ នឹងផ្ដល់អត្ថប្រយោជន៍ដល់ក្រុមកម្មកររោងចក្រ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បានរៀបរាប់ថា លោក ហ៊ុន សែន បានលើកឡើងបែបនេះ នៅអំឡុងពេលលោកជួបសំណេះសំណាលជាមួយក្រុមកម្មករជាង ៤ពាន់នាក់ នៅកោះពេជ្រ នៅព្រឹកថ្ងៃនេះ។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានសរសេរថា៖ «ទោះបីតម្លៃណាក៏ដោយ គឺយើងត្រូវចូលរួមថែរក្សា “សន្តិភាព និងការអភិវឌ្ឍ“ ដើម្បីធានាសុវត្ថិភាពការងារ ប្រាក់ខែល្អសមរម្យ និងផលប្រយោជន៍ជាច្រើនទៀតសម្រាប់បងប្អូន កូនក្មួយ កម្មករ កម្មការនីទូទាំងប្រទេស»។
ក្នុងសំណេរនៅព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ចប់ជាមួយសារជូនពរដល់កម្មករទាំងអស់បានសប្បាយ រីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា ។
ទោះជាយ៉ាងណា គ្មានឡើយសូម្បីតែពាក្យ “សង្គ្រាម” ត្រូវបានកត់សម្គាល់នៅក្នុងសំណេររបស់លោកនៅព្រឹកថ្ងៃនេះ ដែលវាផ្ទុយទៅនឹងសំណេរលើកមុនៗរបស់លោក ដែលបានព្រមានអំពីការផ្ទុះឡើងនៃសង្គ្រាម ប្រសិនបើគណបក្សរបស់លោកចាញ់ឆ្នោតនាពេលខាងមុខនោះ៕