អដ្ឋិធាតុខ្លះនៃសព លោក វណ្ណ ម៉ូលីវណ្ណ បាចចូលទឹកកស្សិណអង្គរ

អដ្ឋិធាតុខ្លះនៃសព លោក វណ្ណ ម៉ូលីវណ្ណ

មន្ដ្រីព្រះបរមរាជរាំងឲ្យដឹងថា អដ្ឋិធាតុមួយចំណែករបស់សព លោក វណ្ណ ម៉ូលីវណ្ណ នឹងតម្កល់នៅចេតីយរបស់លោក និងមួយចំណែកទៀត បាចនៅទឹកកស្សិណអង្គរ ដោយថាការធ្វើរបៀបនេះ ទៅតាមបណ្ដាំរបស់លោក ​មុនពេលទទួលមរណភាព ខណៈបុណ្យគំរបខួប៧ថ្ងៃ នឹងប្រព្រឹត្តិទៅថ្ងៃទី៣ខែតុលាស្អែកនេះ។

ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង​ លោក គុយ សុផល ថ្លែងពីជីវប្រវត្ដិរបស់ស្ថាបត្យករដ៏ល្បីនៅកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ មុនពេលបូជាសព កាលពីថ្ងៃរសៀលទី១ខែតុលា ម្សិលមិញនេះថា ការបូជាសពរបស់លោក វណ្ណ ម៉ូលីវណ្ណ គឺធ្វើឡើងនៅក្នុងវត្ដ ព្រះឥន្ទកោសីយ៍ ទៅតាមបណ្ដាំរបស់លោក មុនពេលទទួលមរណភាព។ លោក សុផល មានប្រសាសន៍បន្ដថា អដ្ឋិធាតុមួយចំណែក តម្កល់នៅចេតិយរបស់លោកក្នុងនៅវត្ដព្រះឥន្ទកោសីយ៍ ស្ថិតនៅក្នុងសង្កាត់​ស្លក្រាម ក្រុងសៀមរាប និងមួយចំណែកទៀត បាចក្នុងទឹកកស្សិណអង្គរ​ពីខាងកើត។ ហើយបុណ្យសព គឺធ្វើឡើងតាមប្រពៃណីខ្មែរ ខណៈដែលសមាជិកគ្រួសាររបស់លោកភាគច្រើន ជាសញ្ជាតិស្វិស។

លោក វណ្ណ ម៉ូលីវណ្ណ​ កើតនៅថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត។ លោក វណ្ណ ម៉ូលីវណ្ណ ជា​ស្ថាបត្យករ​ល្បីឈ្មោះ ក្នុងសម័យសង្គមរាស្ត្រនិយម ដោយ​លោកបានចូល​រួមកសាងសំណង់ជា​ច្រើន នៅ​អំឡុង​ពេល​នោះ ហើយ​បានបន្សល់ទុកដល់បច្ចុប្បន្ន។

បន្ទាប់ពីទទួលមរណភាព សពស្ថាបត្យករ​ល្បី​ឈ្មោះ​រូប​នេះ ត្រូវ​បាន​ព្រះមហាក្សត្រប្រទានគ្រឿងឥស្សរិយយសចំនួន៥ មាន គ្រឿង​​ឥស្សរិយយសជាតូបការ មុនីសារាភ័ណ្ឌ​ថ្នាក់​មហាសេរីវឌ្ឍន៍ សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ​និងគ្រឿង​​ឥស្សរិយយស​សម្ដេចព្រះមហាសត្រីយានី ព្រះសីសុវត្ថ មុនីវង្ស កុសុមៈនារីរ័ត្នថ្នាក់មហាសេរីវឌ្ឍន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ