ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសការបាញ់សម្លាប់មនុស្សយ៉ាងរង្គាល ៥៩នាក់ នៅឯកន្លែងប្រគុំតន្ត្រីនៅទីក្រុងឡាសវេហ្កាស កាលពីថ្ងៃម្សិលមិញនេះ ដោយចាត់ទុកជា «ទង្វើបិសាចពិតប្រាកដ» ប៉ុន្តែ លោកបែរជារក្សាជំហរមិនឆ្លើយតបទៅនឹងការអំពាវនាវឲ្យមានការគ្រប់គ្រងអាវុធ ឬក៏មូលហេតុនៃការបាញ់ប្រហារដ៏បង្ហូរឈាមបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកនាពេលថ្មីៗនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងតាមទូរទស្សន៍ពីសេតវិមានអាមេរិកនោះ លោក ត្រាំ បានព្យាយាមផ្ដល់ការលួងលោម និងអំពាវនាវឲ្យមានឯកភាពជាតិ ដែលនោះគឺជាសារសម្រាប់ប្រធានាធិបតីអាមេរិកសម័យទំនើប។
សម្រាប់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា វិញ លោកបានយកដៃជូតទឹកភ្នែក នៅពេលលោកព្យាយាមលួងលោមប្រជាជាតិ នៅក្រោយហេតុការណ៍បាញ់ប្រហារនៅសាលាបឋមសិក្សា Sandy Hook កាលពីឆ្នាំ២០១២។ អតីតប្រធានាធិបតី Goerge W. Bush បានប្រាប់ពលរដ្ឋអាមេរិកថា ប្រជាជាតិមានភាពតក់ស្លុត បន្ទាប់ពីការបាញ់ប្រហារនៅសាកលវិទ្យាល័យ Virginia Tech។
អំពើហិង្សាបាញ់ប្រហារបែបនេះ គឺជាការពិតមួយនៅអាមេរិក និងរឿងពិតនៅក្នុងនយោបាយសម្រាប់មេដឹកនាំអាមេរិក។
ជារួមមក អំពើហិង្សាបាញ់ប្រហារបែបនេះ បានកើតឡើងជាង ២៧០ករណីរួចមកហើយនៅអាមេរិកគ្រាន់តែនៅក្នុងឆ្នាំនេះប៉ុណ្ណោះ ប៉ុន្តែ អត្ថន័យជាក់លាក់នៅតែមានការជជែកគ្នាដដែល។
សម្រាប់លោក ត្រាំ វិញ នៅចំពោះមុខសាធារណជនដែលពោរពេញទៅដោយទុក្ខសោកនោះ លោកបានបញ្ជាឲ្យបង្ហូតទង់ជាតិចុះពាក់កណ្ដាលរហូតដល់ល្ងាចថ្ងៃសុក្រ និងបួងសួងដល់ជនរងគ្រោះ។ លោកបានប្រកាសថា លោកនឹងធ្វើដំណើរទៅទស្សនាទីក្រុងឡាវេសហ្កាស នៅថ្ងៃពុធ។
ដោយបានឱនក្បាល និងឈ្ងោកមុខចុះ លោក ត្រាំ បានដឹកនាំក្រុមមន្ត្រីសេតវិមាន ឈរស្មឹងស្មាធមួយសន្ទុះជាការគោរពដល់អ្នកស្លាប់៕
ការបាញ់ប្រហារកាលពីថ្ងៃម្សិលមិញ បានសម្លាប់មនុស្សយ៉ាងតិច ៥៩នាក់ និងបណ្ដាលឲ្យមនុស្សជាង ៥០០នាក់ទៀតរងរបួស។ ខ្មាន់កាំភ្លើង ត្រូវបានប៉ូលិសអាមេរិកបញ្ជាក់ថា ជាអតីតគណនេយ្យករអាយុ ៦៤ឆ្នាំឈ្មោះ Stephen Craig Paddock ដែលបានបាញ់សម្លាប់ខ្លួនឯង មុននឹងកម្លាំងពិសេសឆ្មក់ចូលក្នុងបន្ទប់ស្នាក់នៅរបស់ខ្មាន់កាំភ្លើងរូបនោះ៕